ទល់លាមកគឺជាបញ្ហាសុខភាពបណ្ដាលមកពីបម្រែបម្រួលមុខងារពោះវៀនធំ មិនអាចបញ្ចេញកាកសំណល់មកក្រៅបានទៀងទាត់។ បញ្ហានេះបណ្ដាលមកពី លាមកមានកំហាប់ខ្ពស់ ស្ងួត រឺង គ្មានជាតិទឹក បង្កការលំបាកក្នុងពេលបន្ទោបង់។ ក្នុងករណីនេះតើបន្លែពោតបារាំងអាចជួយបានដែរឬទេ?
ពោតបារាំងជាបន្លែបៃតងមួយប្រភេទ សម្បូរសាធាតុចិញ្ចឹមច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងប្រព័ន្ធរំលាយអាហារទាំងមូល។ សារធាតុសំខាន់ទាំងនោះមានដូចជា៖
- កាល់ស្យូម ផ្ដល់អត្ថប្រយោជន៍ដល់ ឆ្អឹង និង ធ្មេញ
- ជាតិដែក ផ្ដល់អត្ថប្រយោជន៍ដល់ ឈាម និងផលិតកោសិកាគ្រាប់ឈាមក្រហម
- ប៉ូតាស្យូម ផ្ដល់អត្ថប្រយោជន៍ជួយរក្សាលំនឹងសម្ពាធឈាម
- ស័ង្កសី ជួយការពារ DNA និងពង្រឹងប្រព័ន្ធការពារ
- វីតាមីន C ជួយប្រឆាំនឹងអុកស៊ីកម្ម
- សារធាតុសរសៃ ជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ
ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖
- កាឡូរី៖ ៣៣កាឡូរី
- កាបូអ៊ីដ្រាត៖ ៧ក្រាម
- ប្រូតេអ៊ីន៖ ២ក្រាម
- ជាតិខ្លាញ់៖ ០ក្រាម
- ជាតិសរសៃ៖ ៣ក្រាម
- ម៉ាញ៉េស្យូម៖ ១៤% នៃតម្រូវការប្រចាំថ្ងៃ
- អាស៊ីតហ្វូលិក (Folate)៖ ១៥% នៃតម្រូវការប្រចាំថ្ងៃ
- វីតាមីន A៖ ១៤% នៃតម្រូវការប្រចាំថ្ងៃ
- វីតាមីន C៖ ២៦% នៃតម្រូវការប្រចាំថ្ងៃ
តើពោតបារាំងជំនួយប្រព័ន្ធរំលាយអាហារដោយរបៀបណា?
ជាក់ស្ដែងណាស់ បញ្ហាទល់លាមកគឺបណ្ដាលមកពីដំណើរការប្រព័ន្ធរំលាយអាហារមានសភាពរអាក់រអួល បូករួមទាំងរបបអាហារដែលបានទទួលទាន មិនអំណោយផលចំពោះសុខភាព។
ពោតបារាំងជាបន្លែដែលមាន ផ្ទុកនូវសារធាតុកាកសរសៃជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ ពិសេសជួយចិញ្ចឹមពពួកបាតេរីល្អៗ ក្នុងក្រពះពោះវៀន។ ជាតិទឹក និងកាកសរសៃ មាននៅក្នុងពោតបារាំង ជួយរក្សាលំនឹងកំហាប់កាកសំណស់ កាត់បន្ថយជាតិហ្កាសក្នុងពោះវៀន និង បញ្ហាហើមពោះ។
ការទៅចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀនគឺជាវិធីល្អមួយ ជួយជំរុញឲ្យរាងកាយផលិតបាននូវវិតាមីន B ចម្រុះដែលអាចជួយបំពេញភាពខ្វះខាតសារធាតុចិញ្ចឹមដែលរាងកាយត្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ គុណសម្បត្ដិមួយនេះ មិនចាញ់ពពួកផ្លែឈើ និង បន្លែផ្សេងនោះទេ។
ពោតបារាំងក៏មានសមត្ថភាពពិសេសមួយទៀត ជួយកាត់បន្ថយការវិត្ដនៃរលាកព្រះស្រួចស្រាស់ ជំងឺរលាកពោះវៀនរ៉ាំរៃ(IBS)។ មិនត្រឹមតែប៉ុណ្ណោះសារធាតុសរសៃក៏អាចជួយកាត់បន្ថយដំណើរការស្រូបយកជាតិស្ករក្នុងរាងកាយ ដែលជាផលល្អជួយកាត់បន្ថយការឡើងជាតិស្ករក្នុងឈាម និងហានិភ័យបញ្ហាបេះដូង។
ការញ៉ាំពោតបារាំងច្រើនអាចបង្កបញ្ហាដែរទេ?
ប្រាកដណាស់ថា ការញ៉ាំពោតបារាំងច្រើន ក៏អាចបង្កផលប៉ះពាល់ដល់សុខភាពយើងវិញ ដែរព្រោះពោតបារាំងមានផ្ទុកសាធាតុ Fructans ដែលសារធាតុនេះអាចបណ្ដាលឲ្យរាក រមួលពោះ ហើមពោះ។ នៅមានសារធាតុមួយចំនួនទៀត ដូចជា Oxalate ដែលអាចបណ្ដាលឲ្យកើតជំងឹគ្រួសក្នុងតម្រងនោម សារធាតុ solanine បង្កផលប៉ះពាល់នៃការរលាក។
ការញ៉ាំពោតបារាំងឆៅ ហើយក្នុងបរិមាណច្រើន អាចបណ្ដាលឲ្យប៉ះពាល់សុខភាពយើង។ ដូច្នេះចូលញ៉ាំក្នុងបរិមាណល្មម អាចតិចជាង៤ដងក្នុងមួយសប្ដាហ៍ មួយដងមិនលើសពី ២៥០ក្រាមទើបទទួលបានសុខភាពល្អ៕