ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ឣភិបាលនៃគណ:ឣភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យលើរបាយការណ៍លទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងទិសដៅការងារបន្ត ព្រមទាំងរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក, លេខាធិការដ្ឋាន, និងសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយ (ភូមិ ឃុំ មានសុវត្ថិភាព) នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានទាន់ពេលវេលា ៕
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ អាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ គឺបងប្អូនប្រជាពលរដ្ឋត្រឡប់មកលេងស្រុកកំណើតច្រើន ដូច្នេះកងកម្លាំងសមត្ថកិច្ចត្រូវឈរនៅតាមគោលដៅទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់ពលរដ្ឋ កុំឱ្យមានការកកស្ទះ ហើយចំពោះកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ត្រូវពង្រឹងអំពីវិធានការកូវីដ-១៩ ឱ្យបានម៉ត់ចត់បំផុត និងបន្តយកចិត្តទុកដាក់លើបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម បញ្ហាអនាម័យបរិស្ថាន នៅតាមទីវត្តអារ៉ាម និងតាមបណ្តាតំបន់ទេសចរណ៍នានា ក្នុងខេត្តផងដែរ ៕
សូមបញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរយើង តាំងពីបុរាណមក តែងតែប្រារព្ធធ្វើឡើង រយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ០១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ហើយនៅក្នុងពិធីបុណ្យនេះ គឺមានជំនឿទាក់ទិននឹងការពូនភ្នំខ្សាច់ ដែលប្រជាពលរដ្ឋខ្មែរយើងទូទៅយល់ថា ជាការឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជនទាំងឡាយ ដែលបានលាចាកលោក ឬដើម្បីលុបលាងនៅអំពើបាបកំហុស ដែលធ្លាប់បានប្រព្រឹត្តិផងដែរ៕