ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តកោះកុង ជាខេត្តមួយ ដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប អមទៅដោយ ទស្សនីយភាពធម្មជាតិ ដែលជាទីកម្សាន្តសម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុក និង ក្រៅស្រុកមកទស្សនា ក៏ដូចជាស្នាក់នៅលម្ហែអារម្មណ៍បំបាត់ទុក្ខកង្វល់។
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាល នៃតំបន់លម្ហែមួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលនៅទីនោះ មានឈ្មោះថា «អារ៉ែង-ខេមភីង ARENG Camping»។
ស្ថិតនៅ តាមដងស្ទឹងអារ៉ែង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលចំងាយប្រមាណ ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ «អារ៉ែង-ខេមភីង ARENG Camping» ជាកន្លែងសម្រាកលំហែកាយបែបធម្មជាតិ ដែលទើបលេចចេញរូបរាងឡើងថ្មីៗ សម្រាប់ផ្តល់នូវបទពិសោធន៍នៃការស្នាក់នៅថ្មីមួយ បែបលក្ខណៈបោះតង់ ដោយមានប្រភេទបន្ទប់ស្នាក់នៅជាច្រើនជម្រើស សម្រាប់ផ្តល់ជូនភ្ញៀវទេសចរណ៍ទាំងអស់ សម្រាកលំហែកាយ និងកំសាន្តរីករាយ ជាមួយសកម្មភាពផ្សេងរួមមាន ការដើរកំសាន្តតាមដងព្រៃ ដើរភ្នំ ជិះម៉ូតូកង់បួន-ជិះកង់តាមព្រៃភ្នំ, ជិះក្បូន និងអុំទូកកាយ៉ាកតាមដងស្ទឹង កម្មវិធីដាំបន្លែ-ដំណាំ និងកម្មវិធីកីឡាជាច្រើនមុខទៀត។