ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និង ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិផងដែរ ដែលមានដូចជា តំបន់ទឹកធ្លាក់ តំបន់ភ្នំ និង សួនផ្កា ជាដើម។
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នូវទីតាំងលម្ហែមួយកន្លែង មានទាំងសួនទឹក និង កញ្ចុះមាត់ទឹកស្រស់ត្រកាលក្រៃលែង ដែលនៅទីនោះមានឈ្មោះថា «សួនទឹកសុភមង្គលក្រុងបាត់ដំបង»។
ស្ថិតនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង នៅខាងជើងរង្វង់មូលនាងរំសាយសក់ប្រមាណ ៨០០ ម៉ែត្រ «សួនទឹកសុភមង្គលក្រុងបាត់ដំបង» មានទាំងសួនទឹក តូបអង្គុយមាត់ព្រែក និង ហាងកាហ្វេអង្គុយជាប់មាត់ទឹក ក្រោមម្លប់ដើមឈើ អមជាមួយខ្យល់បរិសុទ្ធ និង បរិយាកាសស្រស់ស្រាយ ខណៈនៅទីនោះ បើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩ ព្រឹក ដល់ ០៧ យប់៕