នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន ក្រុមប្រឹក្សាខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ។
កិច្ចប្រជុំមានរបៀបវារៈចំនួន៤ដូចជា៖ របៀបវារៈ ទី១ ពិនិត្យ និងអនុម័តពាក្យសុំច្បាប់អវត្តមានពីកិច្ចប្រជុំសាមញ្ញ លើកទី៣៨ ក្រុមប្រឹក្សាខេត្ត របស់ឯកឧត្តម ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន, ទី២ : ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន , ទី៣ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្ត ការងារប្រចាំខែកក្កដា ឆ្នាំ២០២២ និងទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និងទី៤: បញ្ហាផ្សេងៗ។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ក៏បានលើកបញ្ហានិងសំណូមពរមួយចំនួនដូចជា៖ សំណូមពរដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទត្រូវពន្លឿនការចុះបញ្ជីកសិកម្មល្អ និងបើវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាកសិករអំពីបច្ចេកទេសថែទាំនិងប្រើប្រាស់ជី, បញ្ហាម្ចាស់ដីធ្វើផ្លូវលើដីរបស់ខ្លួនអត់ដាក់លូធ្វើអោយជន់លិចរលួយមើមដំឡូងមីប្រជាពលរដ្ឋនៅភូមិក្រចាប់ក្រោមពេលមានភ្លៀងម្តងៗ,សំណូមពរដល់រដ្ឋបាលខេត្តអំពីឯកសណ្ឋានរបស់ក្រុមប្រឹក្សាមិនមានកញ្ចប់ថវិកា។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍ទទួលយកនូវមតិយោបល់របស់សមាជិកក្រុមប្រឹក្សាខេត្តដែលបានលើកឡើងក្នុងការជួយត្រួតពិនិត្យកែលម្អដើម្បីរួមគ្នាបំរើផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ខេត្តអោយមានការរីកចម្រើនបន្ថែមទៀត។ ចំពោះបញ្ហាដែលបានលើកឡើងខាងលើនេះសូមអោយមន្ទីរកសិកម្មនិងពាណិជ្ជកម្មខេត្តត្រូវសហការគ្នាព្លឿនការចុះបញ្ជីកសិកម្មល្អ និងបើវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអោយបានទូលំទូលាយជូនដល់ប្រជាកសិកអំពីចំនុចស្តង់ដារដែលអាចអោយចំការពួកគាត់ធ្វើបានផលត្រូវតាមស្តង់ដារបច្ចេកទេសដែលក្រុមហ៊ុនចុះបញ្ជីទទួលទិញ ហើយត្រូវសិក្សាអោយបានច្បាស់ពីទំហំទិន្ន័យពោត ដំឡូងនៅក្នុងខេត្ត ដើម្បីនាំចេញអោយមានប្រសិទ្ធិភាព ហាមនាំចូលពីខេត្តផ្សេងៗ ។ លោកជំទាវបានបន្តថា៖ បញ្ហាម្ចាស់ដីធ្វើផ្លូវលើដីរបស់ខ្លួនអត់ដាក់លូធ្វើអោយជន់លិចរលួយមើមដំឡូងមីប្រជាពលរដ្ឋ សូមអោយអាជ្ញាធរក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះទៅសិក្សាអនុវត្តដោះស្រាយទៅតាមបច្ចេកទេសដោយពន្យល់ប្រាប់ម្ចាស់ដីអោយគាត់ធ្វើផ្លូវដាក់លូបង្ហូរទឹកអោយបានត្រឹមត្រូវជៀសវាងមានទឹកជំនន់ជន់លិចផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ហើយបញ្ហាឯកសណ្ឋានរបស់ក្រុមប្រឹក្សាសូមអោយក្រុមប្រឹក្សាធ្វើលិខិតស្នើសុំមករដ្ឋបាលខេត្តដើម្បីជារបាយការណ៍ដាក់ចូលក្នុងកញ្ចប់ថវិកាជាមួយរដ្ឋបាលខេត្ត។ លោកជំទាវក៏បានកោតសសើរនិងថ្លែងអំណរគុណដល់រដ្ឋបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគ្រាមានអាសន្ន ជាក់ស្តែងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ បានចុះជួយទាំងយប់យ៉ាងសស្រាក់សស្រាំ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងពីតំបន់ភ្នំ។
ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ជាពិសេសតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដើម្បីប្រកបមុខរបរប្រចាំថ្ងៃ។ ឯកឧត្តមក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាព និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែង សហការសាមគ្គីគ្នាយ៉ាងល្អប្រសើរក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ទទួលបានសមិទ្ធិផលជាច្រើន និងបានបន្តចុះជួយដោះស្រាយឆ្លើយតមចំពោះសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕