យោងតាមការវិវត្តជាក់ស្ដែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ – ជ្រលង សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប (ITCZ. ) ដែលអូសបន្លាយនៅ ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ ចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២. ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុង កម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្ដាតំបន់ផ្ទៃ រងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និង ច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀង សារជាថ្មី មានជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង ខេត្តឧត្តរមានជ័យ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។