ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានទទួលអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជនថៃ ដែលជាក្រុមហ៊ុនវិនិយោគចំនួន ៨ក្រុមហ៊ុន ដឹកនាំដោយលោកវរសេនីឯក ភិស្ណុ សារៈធី ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ តំណាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូថៃ ដែលបានអញ្ជើញមកកាន់ខេត្តប៉ៃលិន ព្រមទាំងបាននាំមកនូវអំណោយមួយចំនួន មកឧបត្ថម្ភដល់រដ្ឋបាលខេត្តប៉ៃលិន ដែលនេះបានបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជននៃប្រទេសទាំង២ ថៃ+កម្ពុជា ហើយជាក់ស្តែងនាពេលកន្លងមកខេត្តប៉ៃលិន និងខេត្តចាន់បុរី នៃព្រះរាជាណាចក្រកម្ពុជា បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួនដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩, បញ្ហាពលករឆ្លងដែនខុសច្បាប់, ទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន ជាពិសេសការនាំចេញកសិផលរបស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រតិភូសេនានុព័ន្ធយោធាជើងគោកថៃ និងសប្បុរសជនជាវិស័យឯកជន នៃព្រះរាជាណាចក្រថៃចំនួន ០៨ក្រុមហ៊ុន កំពុងធ្វើការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់យកទៅប្រើប្រាស់ទៅតាមការចាំបាច់ និងវិស័យមនុស្សធម៌ក្នុងខេត្ត។
ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរដល់សមភាគីថៃ ដែលកន្លងមកបានរក្សានូវចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។
ជាការឆ្លើយតបលោកវរសេនីឯក ភិស្ណុ សារៈធី ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ តំណាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសន្យានឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ជាមួយរដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង ពិសេសការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ៕