សៀមរាប៖ទិដ្ឋភាពផ្លូវវង់ធំ ក្នុងឧទ្យានអង្គរ បន្ទាប់ពីបានធ្វើការជួសជុលកែលម្អក្នុងដំណាក់កាលទី ១ រួចរាល់ហើយនោះ បានជួយសម្រួលដល់ការធ្វើដមណើរ ជូនភ្ញៀវទេសចរជាតិ និង អន្តរជាតិ ហើយជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរ ដឹកជញ្ជូនភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល និង មានសុវត្តិភាព ។
នៅតាមផ្លូវចូលទៅកាន់ផ្លូវវង់ធំឃើញមានដើមឈើធំៗខ្ពស់ៗជាច្រើនកំពុងឈរតម្រៀបគ្នាជាជួរគ្របដណ្តប់លើដងផ្លូវ បង្ហាញរាងបង្អួតសម្រស់យ៉ាងស្រស់ត្រកាល មានពណ៌ខៀតស្រងាត់ បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ លាយឡំដោយសំឡេងសត្វយំពីរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចរដែលបានមកទស្សនាទីនេះ ឱ្យរំសាយអស់ភាពតានតឹងក្នុងចិត្ត និង ទុក្ខកង្វល់ លង់ទៅនឹងសម្រស់ធម្មជាតិដកចិត្តមិនរួច ហើយបានផ្តិតយករូបភាពទាំងនេះដាក់ក្នុងបេះដូង ។
ស្ថិតនៅក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំរហូតទទួលបានការកោតសរសើរ និង ទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើចរាចរកម្សាន្តលើដងផ្លូវជាលក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនាពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ ៕