បាត់ដំបង៖ ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និង ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិសម្បូរបែប ដែលមានដូចជា តំបន់ទឹកធ្លាក់ តំបន់ភ្នំ ក៏ដូចជាសួនផ្ការនានាផងដែរ ដែលតែងទាក់ចិត្តប្រិយមិត្ត ឱ្យមកពីទីជិតទីឆ្ងាយលម្ហែកាយ និង ថតរូបលេងកម្សាន្ត នៅក្នុងទឹកដីអ្នកតាដំបងក្រញូងដ៏ពិសិដ្ឋមួយនេះ។
បើបានជាទៅដល់ទីរួមខេត្តបាត់ដំបងហើយ ប្រិយមិត្តអាចធ្វើដំណើរពីក្រុង ត្រឹមតែ ២០ នាទីតែប៉ុណ្ណោះ នឹងបានទៅដល់ជើងភ្នំបាណន់ខេត្តបាត់ដំបង ឬ អាចហៅបានថាឡូរីជើងភ្នំបាណន់។ នៅទីនោះ ប្រិយមិត្តចំណាយក្នុងម្នាក់ត្រឹមតែ ១ ម៉ឺនរៀលប៉ុណ្ណោះ នឹងបានថតរូបដោយសេរីនៅទីតាំងជើងភ្នំ ដែលមានទេសភាពស្រស់ត្រកាលគួរឱ្យទាក់ទាញជាទីបំផុត។
មិនតែប៉ុណ្ណោះ ប្រិយមិត្តក៏អាចអង្គុយស្រូបយកខ្យល់អាកាសធម្មជាតិ បក់តាមជំនោរជើងភ្នំ ថែមទាំងអាចថតរូបជាមួយផ្លូវរទេះភ្លើង ក៏ដូចជាឡូរីផងដែរ ដែលជាទស្សនីយភាពដ៏គួរឱ្យទាក់ទាញ សម្រាប់ប្រិយមិត្តដែលចូលចិត្ត និង ស្រឡាញ់ការថតរូប។ បន្ថែមលើសពីនេះ នៅទីនោះក៏មានស្រះទឹកយ៉ាងធំ មានទឹកថ្លាយង់ផងដែរ ដែលមានស្ពានឈើសម្រាប់ដើរពីលើ ទៅថតរូបជិតដើមឈើដ៏ធំមួយដើម ដែលមានដុះនៅចំកណ្ដាលផ្ទៃទឹកតែម្ដង គួរជាទីមនោរម្យក្រៃលែង៕