នៅរសៀលថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២២នេះ សាលាពុទ្ឋិកអនុវិទ្យាល័យ សម្តេចហ៊ុនសែនប៉ៃលិន បានបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះគ្រូមេគុណទាំងពីគណះ និង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រះមន្ត្រី សង្ឃ ព្រះថេរានុថេរៈ លោកគ្រូ សមណសិស្ស មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ផងដែរ។
បន្ទាប់ពីលោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអានសន្ទរកថារួចមកលោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ជាការពិតណាស់ការបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣នេះ គឺជាការបើកសាលារៀនពុទ្ឋិកសិក្សាគ្រប់កម្រិតដើម្បីបណ្តុះបណ្តាលផ្នែកពុទ្ឋចក្រ និងអាណាចក្រអោយមានការយល់ដឹង និងអោយមានសមត្ថភាពរបស់សមណៈសិស្សនិងសិស្សគ្រប់ព្រះអង្គដែលបានសិក្សាក្នុងវិស័យសាសនា។ លោកអភិបាលរងខេត្តបានបន្តទៀតថា៖ដើម្បីទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ ជាងនេះទៅទៀតត្រូវគោរពឱ្យបានម៉ត់ចត់ នូវម៉ោងបង្រៀន និងម៉ោងសិក្សារបស់ខ្លួន ក្នុងទិសដៅសម្រេចឱ្យបានចប់តាមកម្មវិធីសិក្សាប្រកបដោយគុណភាព និងមានចំនេះដឹងពិតប្រាកដ។លោកអភិបាលរងខេត្តក៍បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមជួយបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ ជាពិសេសញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ និងអ្នកមានលទ្ធភាពទាំងឡាយ សូមបន្តចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រ ដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ទៅតាមសទ្ធាជ្រះថ្លា និងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យព្រះសង្ឃមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ហើយការជួយឧបត្ថម្ភដល់ព្រះសង្ឃនេះ គឺជាបុណ្យកុសលដ៏ធំធេង នេះក៏ជាការឧបត្ថម្ភ និងផ្ដល់ឱកាសទៅដល់កូនកសិករ ខ្វះខាតដែលលោកបានបួស និងមករៀនដើម្បីមានសមត្ថភាព មានចំណេះដឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។
បើតាមការបញ្ជាក់របស់ព្រះអត្ថទាយកោ ក្តៀង សារ៉ាត់ ព្រះបាឡាត់គណៈខេត្ត និងជាព្រះនាយកពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុនសែនប៉ៃលិន បានមានសង្ឃដេកាថា ក្នុងឆ្នាំសិក្សា២០២១ ពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុនសែនប៉ៃលិនមានចំនួន៣កម្រិត កម្រិតទី១ ពុទ្ឋិកបឋមសិក្សា កម្រិតទី២ ធម្មវិន័យ កម្រិតទី៣ ពុទ្ឋិកមធ្យមសិក្សាបឋមភូមិ។ ហើយព្រះគ្រូបានមានសង្ឃដេកាបន្តទៀតថា៖ពុទ្ឋិកបឋមសិក្សាមានចំនួន១៣សាលា ស្មើនិង១៦បន្ទប់ ដែលមានគ្រូកិច្ចសន្យា១៨ អង្គនាក់ មានសមណៈសិស្ស១៣៤អង្គនាក់ និងមានគ្រូក្របខ័ណ១នាក់និងគណៈគ្រប់គ្រងសាលា៣អង្គ ចំពោះសាលាធម្ម វិន័យមានចំនួន១៣សាលា ស្មើនិង១៣បន្ទប់ មានសមណៈសិស្ស១៥៥អង្គនាក់ មានគ្រូស្ម័គ្រចិត្ត១៣អង្គនាក់ និងផ្នែក ពុទ្ឋិកមធ្យមសិក្សាបឋមភូមិមាន ១សាលា មាន៣ថ្នាក់ មានគ្រូក្របខ័ណ១នាក់ គ្រូជួលម៉ោងបន្ថែមចំនួន១០អង្គនាក់ មានគណៈគ្រប់គ្រងសាលា៣អង្គ និងមានសមណៈសិស្ស៥៤អង្គនាក់ផងដែរ៕