នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី«ពន្ធលើចំណេញមូលធន ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់ កាប់អចលនទ្រព្យនិងកម្មវិធីតាមដានឯកសារ GDT Check & Track របស់សាខាពន្ធដាខេត្តប៉ៃលិន នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ។ ហើយសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មេភូមិ អាជីវករ និងក្រុមហ៊ុន សហគ្រាស ភាគីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ ។
លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិន បានថ្លែងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគួរខ្ពស់ពីជីវភាពបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអោយមានភាពល្អប្រសើរ។ បន្ថែមលើពីនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធ លើចំណេញមូលធនចំពោះការលក់ ឬផ្ទេរដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋ ដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាស័យដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដីកសិកម្មនោះ។ លោកប្រធានសាខាពន្ធខេត្ត បានបញ្ជាក់ថា សិក្ខាសាលានេះ មានសារៈសំខាន់យ៉ាងខ្លាំងដើម្បី ពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អរបស់ស្ថាប័នរដ្ឋ ដើម្បីធានានូវការគ្រប់គ្រង ប្រមូលពន្ធប្រកបដោយតម្លាភាពត្រឹមត្រូវ ជាពិសេស ទប់ស្កាត់នូវគេចវេសនិងក្លែងបន្លំពន្ធនានាជាយថាហេតុ។ លោកបន្តថា៖ កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធាន ការងារប្រកបដោយស្មារតីបុរេសកម្ម និងពង្រឹងជានិច្ចនូវរដ្ឋបាលកិច្ចល្អ តាមរយៈការពង្រឹងការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ និងការដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ជាបន្តបន្ទាប់ដើម្បីពង្រឹងការប្រមូលចំណូលពន្ធ។ ជាមួយគ្នានោះតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញនូវករណីជនទុច្ចរិតមួយចំនួនតូចបានប្រើប្រាស់ឯកសារ ឬត្រាក្លែងបន្លំ ដែលធ្វើឱ្យខាតបង់ចំណូលពន្ធប្រថាប់ត្រានិងពន្ធពាក់ព័ន្ធ។ ក្នុងន័យនេះ ការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការប្រើប្រាស់ កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) គឺមានន័យថា ចូលរួមទប់ស្កាត់ការក្លែងបន្លំឯកសារ ការគេចវេសនិងក្លែងបន្លំពន្ធ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសម្តែងនូវកិច្ចស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ថ្នាក់ដឹកនាំ លោក-លោកស្រី មេឃុំ ចៅសង្កាត់ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន សហគ្រាស បងប្អូនអាជីវករដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីពន្ធលើចំណេញមូលធន ស្តាប់បទបង្ហាញដើម្បីស្វែងយល់ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធផងដែរ។ ជាពិសេសសាខាពន្ធដាខេត្តប៉ៃលិន ដែលបាននិងបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ពន្ធលើចំណេញមូលធន ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និង កម្មវិធីតាមដានឯកសារ GTD Check & Track ដល់វិស័យសាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងបានបំពេញការងារយ៉ាងសកម្ម និងបុរេសកម្ម ដើម្បីត្រៀមលក្ខណៈអនុវត្តការប្រមូលពន្ធលើចំណេញមូលធននេះប្រកបដោយភាពសមធម៌ តម្លាភាព ប្រសិទ្ធភាព ក្នុងការបញ្ច្រាបនូវវប្បធម៌បង់ពន្ធរបស់អ្នកជាប់ពន្ធ និងការប្រមូលចំណូលពន្ធនេះឱ្យអស់សក្តានុពល ស្របតាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះការបង់ពន្ធគឺជាកាតព្វកិច្ចដ៏ចាំបាច់ដែលទាមទារអោយបងប្អូនប្រជាពលរដ្ឋយើងចូលរួមបង់ពន្ធស្របតាមច្បាប់បញ្ញត្តិផ្សេងៗ និងប្រភេទពន្ធដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា៖ ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានអភិវឌ្ឍន៍ខេត្តប៉ៃលិនប្រកបដោយភាពស៊ីវិល័យទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍ ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋអោយមានជីវភាពធូរធាប្រចាំថ្ងៃ។
សូមបញ្ជាក់ផងដែរថា៖ សិក្ខាសាលានេះមានរយះពេលមួយថ្ងៃ ហើយអង្គសិក្ខាសាលានេះ បានផ្តោតលើប្រធានបទសំខាន់ៗ ចំនួន២រួមមាន ទី១៖ នីតិវិធីនៃការប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងទី២៖ ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track)។ ហើយកម្មវិធីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ លើទូរស័ព្ទដៃឆ្លាតវៃ (Smartphone) ដែលដំណើរការទាំងនៅលើប្រព័ន្ធប្រតិបត្តិការពីរគឺ iOS និង Android។ ការចូលរួមប្រើប្រាស់កម្មវិធីនេះ គឺមានន័យថា ចូលរួមក្នុងការទប់ស្កាត់ ការក្លែងបន្លំឯកសារ ការគេចវេះនិងក្លែងបន្លំពន្ធ ដែលអាចជាហានីភ័យនិងបង្កបញ្ហាស្មុគស្មាញដល់អ្នកទទួលកម្មសិទ្ធិអចលនទ្រព្យ និងការខាតបង់ចំណូលពន្ធប្រថាប់ត្រា និងពន្ធពាក់ព័ន្ធផ្សេងៗដល់ថវិកាជាតិផងដែរ៕