ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ គេសង្កតឃើញថា វិស័យទេស ចរណ៍នៅក្នុងខេត្តប៉ៃលិន មានការកើនឡើងនូវភ្ញៀវទេសចរណ៍ច្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩ បានថមថយទៅវិញ ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រជាពលរដ្ឋដើរលេងក ម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ជាពិសេសគឺរមណីយដ្ឋាននៅក្នុងខេត្តប៉ៃលិនតែម្តង។
ហើយអ្វីដែលគេមិនអាចបំភ្លេចបាន គឺរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដែល ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ធ្វើការតុបតែង រៀបចំចាក់ផ្លូវបេតុងយ៉ាងល្អ អាចឱ្យភ្ញៀវបើកបរម៉ូតូ ឬរថយន្តទៅដល់កន្លែងលេង ដោយគ្មានការព្រួយបារម្ភដូចកាលពីមុននោះទេ ។
បើយោងតាមរបាយការណ៍របស់លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងស្នាក់នៅក្នុងខេត្តប៉ៃលិននាឆមាសទី១ ច្រើនគួរឱ្យកត់សម្គាល់ ដោយចំនួនភ្ញៀវជាតិ មាន២២៨,៦១៤ បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ មានចំនួន៣៤,៨៩៤ ឃើញថា មានការកើនឡើង ៥៥៥.១៦%។
ចំនួនភ្ញៀងអន្តរជាតិចំនួន៦០៥នាក់ បើប្រៀបធៀបទៅនឹងប្រចាំឆមាសទី១ ឆ្នាំ២០២១ មាន២២នាក់ កើនឡើង២៦៥០%។ ចំនួនភ្ញៀវទេសចរសរុបចំនួន២២៨,២១៩នាក់ ប្រៀបធៀបចំនួនភ្ញៀវប្រចាំឆមាសទី១ ឆ្នាំ២០២១ ដែលមានចំនួនសរុប ៣៤,៩១៦នាក់ ឃើញថា មានការកើនឡើង៥៥៦.៤៨%។
លោកបានបន្តទៀតថា រមណីយដ្ឋានដែលមានសក្ដានុពលនៅទូទាំងខេត្តប៉ៃលិន មាន០៨កន្លែងគឺ រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រមាន១កន្លែង (ភ្នំយ៉ាត) រមណីយដ្ឋានធម្មជាតិមាន៤កន្លែង (អូរធុរេន, អូរតាអែម, ស្ទឹងកុយ, និងអន្លង់ខៀវ) ជាដើម៕