នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ សាលប្រជុំសាលាខេត្តប៉ៃលិន បានរៀបចំពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ទូទាំងខេត្តប៉ៃលិនក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមលោកជំទាវប្រតិភូអមដំណើរ ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុក/ក្រុង លោកអភិបាល អភិបាលរងក្រុង/ស្រុក ប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់ លោកមេឃុំ/ចៅសង្កាត់ និងមេភូមិជាច្រើននាក់ផងដែរ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍សង្ខេបឱ្យដឹងថា៖ ក្រោយពីបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២រួចរាល់ គឺធ្វើឡើងយ៉ាងរលូនតាមលទ្ធិប្រជាធិបតេយ្យ ដោយគ្មានការបង្ខិតបង្ខំ ពោលគឺប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតដោយស្ម័គ្រពីចិត្ដ ហើយនៅខេត្តប៉ៃលិនទទួលបានលទ្ធផលល្អប្រសើរ ។ លោកជំទាវ បានលើកឡើងពីបញ្ហាប្រជាពលរដ្ឋចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ និងការផ្លាស់ទីលំនៅជាដើម ជាពិសេសកាលពីមុនការកែឈ្មោះក្នុងសំបុត្រកំណើត មានការលំបាកខ្លាំង តែដោយសារការកែសម្រួលច្បាប់របស់រដ្ឋាភិបាលធ្វើឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ លោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈមនានា និងការដោះស្រាយរវាងភូមិឧបសម្ព័ន្ធ គឺភូមិភ្នំដំបង ជាមួយនឹងភូមិមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសូមឱ្យថ្នាក់លើជួយសម្របសម្រួលឱ្យបានឆាប់រហ័ស ខណ:ដែលប្រជាពលរដ្ឋមានឈ្មោះនៅក្នុងខេត្តប៉ៃលិន តែទីតាំងភូមិសាស្ត្ររស់នៅលើទឹកដីខេត្តបាត់ដំបង។
លោកជំទាវអភិបាលខេត្ត បានស្នើសមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូលឱ្យនៅបន្តចូលរួមក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រុងប្រយ័ត្ននឹងជម្ងឺអុតស្វា ដែលកំពុងកើតមានឡើងនៅប្រទេសជិតខាងរបស់យើងសព្វថ្ងៃនេះ។
ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ បានទទួលយកនូវបញ្ហាប្រឈមនានា និងបានដោះស្រាយឆ្លើយតបទៅនឹងសំណូមពរ របស់មេឃុំ/ចៅសង្កាត់ទាំង៨ ខណ:ដែលមេឃុំ/ចៅសង្កាត់នីមួយៗ បានលើកឡើងអំពីបញ្ហាកង្វល់ ប្រឈម តម្រូវការ និងសំណូមពរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។ ហើយសូមកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងអភិវិឌ្ឍន៍ខេត្តអោយមានការរីកចម្រើនគួរអោយកត់សម្គាល់ ជាពិសេសកន្លែងអាគារដ្ឋបាល សួនច្បារ ការតុបតែតាមដងផ្លូវសាធារណៈនិងទីប្រជុំជននានានៅក្នុងខេត្តអោយមានភាពស៊ីវិល័យ និងស្រស់បំព្រង។ ឯកឧត្តមក៏បានណែនាំដល់ថ្នាក់ដឹកនាំមូលដ្ឋាននិងមេភូមិ មេឃុំ/ចៅសង្កាត់ ដែលនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបំរើសេវាសាធារណៈដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្រានុកូលដ្ឋាន សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និងលិខិតស្នាមផ្សេងៗជូនពួកគាត់បានឆាប់រហ័សទាន់ពេលវេលា ហើយបងប្អូនប្រជាពលរដ្ឋដែលមករកសេវាទាំងអស់នេះដែលមិនទាន់ឯកសារគ្រប់គ្រាន់ត្រូវពន្យល់ពួកគាត់ឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលធ្វើ និងចំនេញពេលវេលាសម្រាប់បងប្អូនប្រជាពលរដ្ឋយើង។ លើសពីនេះទៀតអាជ្ញាធរឃុំសង្កាត់ត្រូវណែនាំឱ្យអាណាព្យាបាលដែលមានកូនគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវអោយទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានគ្រប់ៗគ្នា ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតនាថ្ងៃខាងមុខ។ ឯកឧត្តម ក៏ជម្រុញដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាននិងមេភូមិ មេឃុំ/ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ទូទាំងខេត្តប៉ៃលិននៅតាមមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍឃុំ/សង្កាត់ ឱ្យមានការរីកចម្រើន និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់៕