ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមប្រតិបត្តិសាខា, អនុសាខាស្រុកសាលាក្រៅ, យុវជនកបាទក្រហម , អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងមានការចូលរួមសហការពីមន្ទីរសុខាភិបាល និង អាជ្ញាធរមូលដ្ឋាន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងដាក់ថ្នាំអាល់បែតតាមពាងទឹក និង ចាក់សម្លេងតាមឧឃោសនស័ព្ទ នៅក្នុងភូមិទឹកចេញ និង ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រតិបត្តិការនេះធ្វើឡើងដោយចែកចេញជាពីរក្រុម ដែលក្រុមទីមួយ ដឹកនាំដោយឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា ធ្វើឡើងនៅក្នុងភូមិបឹងព្រលិត និងក្រុមទី២ ដឹកនាំដោយលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដែលឡើងនៅក្នុងភូមិទឹកចេញ ហើយក៏មានមេភូមិ អនុភូមិ និងសមាជិកភូមិទាំងពីរ បន្តចុះជួយណែនាំ និងដាក់ថ្នាំអាបែតក្នុងពាងទឹកប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។
នៅក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានពន្យល់ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ដោយត្រូវគេងក្នុងមុងជ្រលក់ថ្នាំ និងត្រូវលុបបំបាត់ឲ្យអស់នូវថ្លុកទឹក សំបកកំប៉ុង សំបកដូង និងសម្ភារ:ផ្សេងៗទៀត ដែលអាចដក់ទឹកបាន ដើម្បីបំបាត់ជម្រករបស់មូសខ្លាញី ដែលជាប្រភពចម្លងជំងឺគ្រុនឈាម។ ឯកឧត្តមបានមានប្រសាសន៍ថា ពេលនេះគឺជា រដូវវស្សា មានភ្លៀងធ្លាក់ច្រើន និងមានទឹកដក់នៅគ្រប់ទីកន្លែងដែលជាជម្រករបស់មូសខ្លាញី ។ ជំងឺគ្រុនឈាមកើតឡើងចំពោះមនុស្សគ្រប់វ័យ ហេតុនេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើបងប្អូនមានអាការៈ ក្តៅខ្លួនចាប់ពី ៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀត ដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក សូមបងប្អូនប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតផ្ទះបងប្អូនជាបន្ទាន់ ។
ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលនៃ ជំងឺគ្រុនឈាមនេះ ក្រុមកាងារបានចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៣៤៥ខ្នង មានអ្នកចូលរួម ចំនួន ១,០២៥ នាក់ ស្រី ៧៨៣ នាក់ ដាក់ថ្នាំ អាល់បែតតាមពាងទឹកបានចំនួន១,២០៩ពាង និង ចែកប័ណ្ណផ្សព្វផ្សាយអំពី ជំងឺគ្រុនឈាម ចំនួន ៣៥០ សន្លឹក ចែកសាប៊ូអស់ ៥កេស និងជែលលាងដៃ ចំនួន ៦កេស៕ ដោយ៖ វួច ពឿន AKP ប៉ៃលិន