ប៉ៃលិន៖មានប្រសាសន៍លើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយការងារការអនុវត្តតួនាទី ភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិនបានណែនាំដល់យោធិន នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ត្រូវបំពេញតួនាទី ភារៈកិច្ចរបស់ខ្លួនបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រីបានមានប្រសាសន៍ថា៖ ក្នុងនាមយើងជាកងកំលាំងបំរើប្រជាពលរដ្ឋនិងប្រទេសជាតិត្រូវមានសេចក្តីថ្លែថ្នូរ វិន័យល្អ សម្រាប់ការរស់នៅក្នុងសង្គមជាតិ ជាពិសេសការអនុវត្តតួនាទីភារៈកិច្ចរបស់យើងអោយបានខ្ជាប់ខ្ជួននូវបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់មកអោយអនុវត្ត កុំប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើមិនគាប់បីដែលធ្វើអោយប៉ះពាល់ដល់អង្គភាពរបស់យើង។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖ យោធិន នាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថត្រូវចេះសាមគ្គីគ្នាផ្ទៃក្នុង និងរួបរួមសហការគ្នាក្នុងការបំពេញភារៈកិច្ច បន្តការហ្វឹកហ្វឺនរៀនសូត្រយកចំណេះដឹង វិន័យ ការប្រតិបត្តិរបស់កងរាជអាវុធហត្ថ និងខិតខំបម្រើដល់បងប្អូនប្រជាពលរដ្ឋអោយមានភាពសុខដុមរមនា ក្នុងការរស់នៅ។ ជាងនេះទៅទៀតត្រូវចុះបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ត្រី បានជម្រុញដល់មន្ទីរការិយាល័យនីមួយៗត្រូវចេះធ្វើផែនការ និងរបាយការណ៍មកថ្នាក់លើនូវបទល្មើសផ្សែងៗដើម្បីអោយអង្គភាពងាយស្រួលក្នុងការឆ្លើយតបបានទាន់ពេលវេលា។ ហើយត្រូវចេះរស់នៅអោយមានអនាម័យ និងសម្អាតបរិស្ថាននៅក្នុងទីធ្លាអង្គភាពអោយមានសោភ័ណ្ឌភាព រួមគ្នាដាំដំណាំបន្លែងបង្កាផ្សេងៗដើម្បីផ្គត់ផ្គង់នៅក្នុងអង្គភាពជៀសវាងចំនាយច្រើន។ លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថបានកោតសសើរចំពោះកងរាជអាវុហត្ថទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ភារៈកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរមិនថាថ្ងៃបុណ្យទៀនឬថ្ងៃឈប់សម្រាក និងបានអំពាវនាវដល់យោធិន នាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញត្រូវទៅចាក់អោយបានគ្រប់ៗគ្នា និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា៖ តាមសេចក្តីសម្រេចស្តីពីការតំឡើងឋានន្តរសក្កិយោធិនរបស់អគ្គបញ្ជាការលេខ១០ ដថស/០៦២២ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានតំឡើងឋានន្តរសក្កិ និងបំពាក់សក្កិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិនចំនួន២៣នាក់ ក្នុងនោះថ្នាក់អនុសេនីយ៍ឯកចំនួន១០ នាក់ និងថ្នាក់អនុសេនីយ៍ទោចំនួន១៣នាក់៕