ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅសាលាក្រុងប៉ៃលិនបានរៀបចំកិច្ចប្រជុំចុះពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃចលនាប្រឡងប្រណាំង ទីក្រុងស្អាតលើកទី៣ បេក្ខភាពក្រុងប៉ៃលិន ស្ថិតក្រោមអធិបតី លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជួន ជ័យសត្យា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលអភិបាលរងក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ខេត្តប៉ៃលិនមានផ្ទៃដី ១៦,៦២ គីឡូម៉ែត្រការ៉ែ ក្នុងនោះ មានផ្ទៃដីលំនៅដ្ឋាន ១៥៨ គីឡូម៉ែត្រការ៉ែ, តំបន់ភ្នំ ១១៩ គីឡូម៉ែត្រការ៉ែ និងតំបន់ការពារ ៣៨២ គីឡូម៉ែត្រការ៉ែ ។ ហើយខេត្តប៉ៃលិនមានក្រុង១ ស្រុក១ គឺក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ មានឃុំ សង្កាត់ចំនួន៨ ភូមិចំនួន ៩០ ភូមិ មានប្រជាពលរដ្ឋ ចំនួន ១៧,៤៥៨ គ្រួសារ ក្នុងនោះស្ត្រីជាមេគ្រួសារ ចំនួន ១៩៩៣គ្រួសារ មានប្រជាជនសរុបចំនួន ៧៣.៦០១ នាក់ / ស្រី ៣៦,៨២៧ នាក់ ។
លោកបានបន្តថា៖ កិច្ចប្រជុំនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់សម្រាប់ខេត្តប៉ៃលិនលើវិស័យទេសចរណ៍ ជាពិសេសការងារវាយតម្លៃទីក្រុងស្អាតលើកទី៣ ដែលមានក្រុងប៉ៃលិន ជាក្រុងបេក្ខភាព ដែលត្រូវការចាំបាច់ នូវគិតស្យានុភាព ក្នុងការលើកកម្ពស់ភាពស្អាតស្អំ មានសោភណ្ឌភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមានផាសុខភាពល្អក្នុងមូលដ្ឋាន។ ហើយសម្រាប់ការងារចំពោះមុខត្រៀមរៀបចំ ក្នុងការប្រកួតប្រជែងចលនាវាយតម្លៃទីក្រុងស្អាតលើកទី៣ បេក្ខភាពក្រុងប៉ៃលិននោះ ខេត្តបានរៀបចំបង្កើតក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តប៉ៃលិន ដែលមាន សមាសភាពមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុងជាបេក្ខភាព បានរៀបរបាយការណ៍វឌ្ឍនៈភាពរបស់ក្រុង បានចងក្រងឯកសារភ្ជាប់ និងសូចនាករគោលសំខាន់ៗ សម្រាប់ដាក់ជូនក្រុមការងារថ្នាក់ជាតិពិនិត្យ និង វាយតម្លៃ។
ឯកឧត្តម ជួន ជ័យសត្យា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថា៖ ចលនាប្រឡងប្រណាំងទីក្រុងស្អាតធ្វើឡើងដើម្បីឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសគឺបេក្ខភាពក្រុងដែលអាចឆ្លើយតមសូចនាករគោលទាំងប្រាំងពីរដែលមានចែងក្នុងស្តង់ដាទីក្រុងស្អាត។ ឯកឧត្តមបានបន្តថា៖កន្លងមកបេក្ខភាពក្រុងប៉ៃលិនមានការខិតខំប្រឹងប្រែងច្រើនក្នុងការចូលរួមធ្វើយ៉ាងណាដើម្បីអោយទីប្រជុំជននិងក្រុងមានភាពប៉ៃតង សុវត្ថិភាពសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងសុខាភិបាលផ្សេងៗ ហើយយន្តការទាំងអស់នេះមន្ទីរអង្គភាពពាក់ព័ន្ធត្រួវរួមដៃសហការគ្នាជំរុញនូវការអភិវឌ្ឍន៍នៅតាមមូលដ្ឋានជាក់ស្តែង។ ឯកឧត្តមក៏បានសំណូពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការសម្អាតអនាម័យបរិស្ថាន កុំចោលសំរាមពាសវាលពាសកាល ដើម្បីអោយមជ្ឍដ្ឋានរស់នៅ នៅមូលដ្ឋានមានភាពកាន់តែប្រសើរឡើង សុខដុមរមនា និងផ្តល់ភាពកក់ក្តៅក៏ផាសុខភាពសម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។