រាជធានីភ្នំពេញ ៖ ពេលនេះកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ដែលមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ឆ្នាំ២០២២-២០២៣ បានអនុម័តសម្រេចប្រទេសបន្ដវេន ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមរហូតដល់៥តំណ ពោលគឺចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣៣ ។ នេះជាជោគជ័យថ្មីមួយទៀត ដែលត្រូវបានចាត់ទុកថាជារបត់ថ្មីចេញពីកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានថ្លែងថា ក្រៅពីទទួលបានជោគជ័យក្នុងការអនុម័តប្រភេទកីឡា និងអនុម័តការលក់សិទ្ធិទូរទស្សន៍ កម្ពុជាបានសម្រេចជោគជ័យដ៏កម្រមួយទៀត គឺការអនុម័តប្រទេសម្ចាស់ផ្ទះបន្ដវេន ៥តំណ បន្ដពីកម្ពុជា ក្នុងរជ្ជកាលឯកឧត្តមបណ្ឌិត ថោងខុន ជាប្រធាន SEAGF ។
គោលដៅកំណត់ម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម៥តំណបន្ដទៀតដោយកិច្ចប្រជុំបានអនុម័តថា ស៊ីហ្គេម ឆ្នាំ២០២៥គឺធ្វើនៅថៃ ឆ្នាំ២០២៧ នៅម៉ាឡេស៊ី ឆ្នាំ២០២៩ នៅសិង្ហបុរី ឆ្នាំ២០៣១ នៅឡាវ និងឆ្នាំ២០៣៣ នៅហ្វីលីពីន ។ អ៊ីចឹង ការអនុម័តជាបន្ដបន្ទាប់នេះ បានបញ្ជាក់នូវទំនុកចិត្ដមួយក្នុងការរក្សានិរន្ដរភាពនៃការអភិវឌ្ឍចលនាកីឡាអូឡាំពិកក្នុងតំបន់។
ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែមថា ក្នុងរបត់ថ្មីនេះ ដោយផ្ដើមចេញពីកម្ពុជា អត់ដូចពីមុននោះទេ ដែលមិនមានការអនុម័តឬដឹងមុនថា ប្រទេសណាត្រូវធ្វើម្ចាស់ផ្ទះបន្ទាប់? បច្ចុប្បន្ន ពិសេសក្រោយបរិបទកូវីដ-១៩ ធូរស្រាល គឺមានប្រទេសជាច្រើនបានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះ មានន័យថា មានការប្រជែងគ្នាដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះខុសពីគ្រាមុនមិនសូវមានប្រទេសណាចង់រៀបចំព្រឹត្តិការណ៍កីឡាធំៗបែបនេះឡើយ។ ឥឡូវនេះ ដល់ពេលហើយ តំបន់នេះ (តំបន់អាស៊ាន) គឺមានការប្រែប្រួល។អ៊ីចឹង របត់ថ្មីចេញពីកម្ពុជា ហើយជោគជ័យបំផុតក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោងខុន គឺបានកំណត់ ៥តំណ ធ្វើការរួមគ្នា បានន័យថា កំណត់បាន ១០ឆ្នាំ ដើម្បីបន្ដនិរន្ដរភាពទៅមុខទៀត។
ប្រទេសទាំងអស់សប្បាយចិត្ត មានភាពកក់ក្ដៅ រង់ចាំដល់វេនខ្លួន គឺរៀបចំឲ្យបានល្អ បានន័យថា ប្រទេសទទួលបានសិទ្ធិហ្នឹង គាត់មានពេលវេលាគ្រប់គ្រាន់ បន្ទាប់ពីដឹងថា គាត់ដល់ពេលណាៗហើយធ្វើឲ្យគុណតម្លៃនៃការរៀបចំការប្រកួត កាន់តែលេចត្រដែត និងឈានទៅដល់ស្ដង់ដារកាន់តែខ្ពស់ឡើងៗ ថែមទៀត ៕