ការកើតជំងឺគ្រុនឈាមនៅវៀតណាមតាំងពីមុនមកក្នុងឆ្នាំនេះបានកើនឡើងជាងពីរដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ទី១៤កក្កដា ដោយក្រសួងបានព្រមានអោយបណ្តាមន្ទីរពេទ្យត្រៀមសំរាប់អ្នកជំងឺគ្រុនឈាមច្រើនទៀត។
គ្រុនឈាម ជាជំងឺឆ្លងតាមមូសខ្លាខាំដ៏សាមញ្ញមួយនៅអាស៊ីអាគ្នេយ៍ដោយបង្ករោគសញ្ញាដូចផ្តាសាយ តែមិនទាន់មានវ៉ាក់សាំងការពារវានៅឡើយទេ។ករណីធ្ងន់ធ្ងរអាចអោយអ្នកជំងឺចេញឈាមក្នុងខ្លួននិងស្លាប់។
សូមបញ្ជាក់ថា វៀតណាមបានកត់ត្រាឃើញមានអ្នកកើតជំងឺគ្រុនឈាមនេះចំនួន៨៩.១២០នាក់នៅរយៈពេល៦ខែដើមឆ្នាំ ដោយកើនពីចំនួន៣៥.៩៣៦នាក់ក្នុងរយៈពេលកន្លះឆ្នាំដូចគ្នាកាលពីឆ្នាំ២០២១ឬកើន១៤៨ភាគរយ។
ចំនួនស្លាប់ដោយជំងឺនេះកើនមួយជាបីដល់ចំនួន៣៤នាក់ក្នុងរយៈពេលដូចគ្នា។
ប្រទេសដែលមានប្រជាជន៩៨លាននាក់នេះ តាមធម្មតាកត់ត្រាឃើញអ្នកកើតគ្រុនឈាមប្រមាណ១១០.០០០ក្នុងមួយឆ្នាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយចំនួនឆ្លងកើនខ្ពស់នៅចន្លោះខែមិថុនានិងតុលា។
ក្រសួងបាននិយាយថា« ចំនួនឆ្លងកូវីដ១៩ត្រូវព្យាករណ៍ថានឹងឡើងថែមទៀត និងករណីធ្ងន់ធ្ងរក៏នឹងមាននៅតាមមន្ទីរពេទ្យច្រើនទៀតផងដែរ។មន្ទីរពេទ្យទាំងអស់តាមខេត្តនិងស្រុក ត្រូវយកចិត្តទុកដាក់ត្រៀមប្រភពធនធានរបស់ខ្លួនដើម្បីទទួលនិងព្យាបាលករណីធ្ងន់ធ្ងរ»៕