កណ្តាល៖ ថ្មីនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចាប់អារម្មណ៍កន្លែងទេសចរណ៍បែបកែច្នៃថ្មីមួយកន្លែង ដែលកំពុងសម្ញែងខ្លួន បង្អួតសម្រស់ទាក់ទាញឱ្យភ្ញៀវទេសចរចង់ទៅថតរូបលេងកម្សាន្ត ក្រោយស្បើយពីកូវីដ-១៩ ដោយនៅទីនោះ គឺស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញឡើយ ។
បើតាមគណនីមួយ ដែលមានឈ្មោះ Malis BunLeang បានឱ្យដឹងថា នៅទីនោះជារមណីយដ្ឋានកែច្នៃដែលពុំទាន់សាងសង់រួចរាល់ ១០០ % នៅឡើយទេ តែប្រិយមិត្តអាចទៅទស្សនាកម្សាន្ត និងថតរូបលេងដោយសេរីបានផងដែរ ដែលរមណីយដ្ឋានមួយនេះមិនទាន់មានឈ្មោះពេញលេញទើប ប្រជាជននឹងអ្នកដែលបានទៅទីនោះ នាំគ្នាហៅតៗគ្នាថា «ម្លិច» សិនទៅ ។
យ៉ាងណាមិញ បើនិយាយពីបរិយាកាសនៅទីនោះវិញ គឺមានខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ មានសួនបៃតងយ៉ាងស្រស់ត្រកាល សាងសង់ពីមុខកញ្ចុះសម្រាកដ៏ស្រស់ស្អាត នៅពីមុខផ្ទៃស្រះទឹកដ៏ធំល្វឹងល្វើយ គួរឱ្យគយគន់ និង ថតរូបលេងកម្សាន្ត ក៏ដូចជាសម្រាកលម្ហែនៅថ្ងៃចុងសប្ដាហ៍ ។
គួរឱ្យដឹងផងដែរថា ដើម្បីទៅដល់ទីនោះ ប្រិយមិត្តត្រូវជិះតាមស្ពានលេខ ១២ មើលខាងស្ដាំដៃមានខ្លោងទ្វាវត្ត ធន់មន្ត និងជិះចូលតាមក្លោងទ្វាវត្តរហូតមក ហើយសួរទីតាំងអ្នកនៅក្បែរនោះ រកមណ្ឌលកែប្រែ ព្រោះរមណីយដ្ឋានមួយនេះ នៅជិតនឹងមណ្ឌលកែប្រែនេះឯង ក្នុងស្រុកស្អាង ខេត្តកណ្ដាល ៕