(ភ្នំពេញ)៖ លោក Datuk Mohd Nasir ALI នាយបេសកកម្មស៊ីហ្គេម នៃប្រទេសម៉ាឡេស៊ី បានលើកឡើងថា ការកំណត់កីឡា ៤០ប្រភេទ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅកម្ពុជា គឺជាចំនួនមួយច្រើន តែគ្មានបញ្ហាសម្រាប់ម្ចាស់ផ្ទះឡើយ ព្រោះលោកសំអាងលើអ្វីដែលកម្ពុជាមានបច្ចុប្បន្ន។
ការអះអាងបែបនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) លើកទី២ នៅកម្ពុជាបានអនុម័តលើកីឡា ៣៩ប្រភេទ បូករួមជាមួយកីឡាសម្ដែង ១ប្រភេទ ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាកាលពីសប្ដាហ៍មុន។
នាបេសកកម្មម៉ាឡេស៊ីខាងលើថា «សម្រាប់ខ្ញុំ ចំពោះប្រភេទកីឡា ៤០ គឺច្រើន។ ប៉ុន្ដែអ្វីដែលខ្ញុំបានឃើញនូវរាល់ហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួត និងប្រព័ន្ធបច្ចេកទេសផ្សេងៗ ដែលកម្ពុជាមានបច្ចុប្បន្ននេះ ខ្ញុំគិតថា អត់មានអ្វីជាបញ្ហាទេ ដែលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ ហើយទទួលរៀបចំការប្រកួតរហូតដល់ ៤០ប្រភេទកីឡា។ ខ្ញុំជឿជាក់ថា កម្ពុជានឹងធ្វើបានដោយជោគជ័យ»។
បន្ថែមលើនេះលោកថែមទាំងបង្ហាញនូវសុទិដ្ឋិនិយម សម្រាប់ការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសដោយមានការគាំទ្រ និងជួយជ្រោមជ្រែងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាលផង នឹងធ្វើឲ្យម្ចាស់ផ្ទះកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
១-ក្នុងនាមជាម្ចាស់ផ្ទះ នឹងធ្វើឲ្យកីឡាករ-កីឡាការិនី គ្រូបង្វឹក អ្នកគាំទ្រ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ពួកគាត់នឹងមានស្មារតីមួយ សហការគ្នាធ្វើយ៉ាងម៉េចឲ្យក្លាយខ្លួនជាម្ចាស់ផ្ទះមួយដ៏ល្អ។
២-កសាងសង់កេរ្ដិ៍ឈ្មោះកម្ពុជា ទៅកាន់ឆាកអន្ដរជាតិ ឲ្យដឹងថា កម្ពុជាមានការអភិវឌ្ឍ និងសុខសន្ដិភាពបែបណា។
៣-សេដ្ឋកិច្ច ដែលកម្ពុជានឹងទទួលបានចំណូលពីការរៀបចំការប្រកួតនេះ ខណៈវិស័យទេសចរណ៍ ក៏នឹងត្រួវរួមផ្សំផងដែរ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
គួរដឹងថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រយៈពេល ៣ថ្ងៃ កាលពីសប្ដាហ៍មុន បានសម្រេចផ្លៃផ្កាដ៏ត្រចះត្រចង់ បន្ទាប់ពីប្រតិភូបណ្ដាប្រទេសចូលរួមជាសមាជិក បានសម្ដែងការអបអរសាទរ និងកោតសរសើរកម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ សម្រាប់ការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ៕