ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មន្ទីរមុខងារសាធារណៈខេត្តប៉ៃលិនបានរៀបចំកិច្ចប្រជុំស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាព រដ្ឋបាលនិងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ស សាម៉ីឌី អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៍ខ្ពងខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនព្រមទាំងមានការចូលរួមពីសំណាក់ លោកប្រធានអនុប្រធានមន្ទីរអង្គភាព លោកនាយកទីចាត់ការរដ្ឋបាល និងលោកប្រធានអនុប្រធានការិយាល័យរដ្ឋបាលមន្ទីរវិស័យទាំងអស់ផងដែរ។
លោកគោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៍ខ្ពងខ្ពស់លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ អោយមានប្រសិទ្ធិភាពខ្ពស់ទៅលើ វិស័យមុខងារសាធារណៈដែលបាននឹងកំពុងអភិវឌ្ឍស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន មន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈដែលបានចំណាយពេលវេលាដ៍មមាញឹក ផ្តល់កិត្តិយសយ៉ាងក្រៃលែងដល់រដ្ឋបាលខេត្តប៉ៃលិនក្នុងកិច្ចប្រជុំស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។លោកអភិបាលរងខេត្តបានបញ្ជាក់ផងដែរថាសម្រាប់ការអនុវត្តនីតិវិធីនៃការផ្តល់ទិដ្ឋាការ សម្រាប់ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដោយរៀបចំបំពេញឯកសារពាក់ព័ន្ធ និងឆ្លងយោបល់ពីមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិនពិនិត្យ និងបញ្ចូនទៅក្រសួងមុខងារសាធារណៈបន្តទៀតលើកិច្ចការមួយចំនួនដូចជា៖ការបញ្ជូលក្របខ័ណ្ឌថ្មី ការតែងតាំងមុខតំណែងមន្ត្រី ការផ្លាស់ប្តូរកន្លែងធ្វើការងាររបស់មន្ត្រីការផ្ទេរចេញ-ចូល ការលុបឈ្មោះចេញ ការចូលនិវត្តន៍ ការបន្ថែមប្រាក់វិភាជន៍គ្រួសារ សហព័ន្ធ (ប្រពន្ធ-កូន) ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រី។
ថ្លែងក្នុងពិធីនេះដែរឯកឧត្តម ស សាម៉ីឌី អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា៖ជាការពិតដោយស្ថិតក្រោមម្លប់ សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍយ៉ាងឆាប់លើគ្រប់វិស័យ ហើយបានផ្តល់នូវភាពសុខក្សេមក្សាន្ត និងគុណភាពជីវិតដ៍ល្អប្រសើរជូនប្រជាពលរដ្ឋថែមទៀតផង។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តទៀតថា៖ទាក់ទិនកិច្ចការងារមុខងារសាធារណៈសូមរដ្ឋបាលខេត្តប៉ៃលិន និងមន្ទីរ/អង្គភាពជំនាញខេត្ត ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងបំពេញភារៈកិច្ចតួនាទីរបស់ខ្លួនអោយបានល្អ ។ ហើយឆ្លៀតក្នុងឱកាសនេះឯកឧត្តមអនុរដ្ឋលេខាធិការ ក៍បានសំណូមពរឱ្យមន្ត្រីរាជការជំនាញរដ្ឋបាលខេត្ត និងមន្ទីរ/អង្គភាព ពិនិត្យឱ្យបានច្បាស់លាស់អំពីនីតិវិធីនានា ដើម្បីយកទៅអនុវត្តឱ្យបានល្អប្រសើរ។
បើតាមការបញ្ជាក់របស់លោក នាក់ ណាង ប្រធានមន្ទីរមុខងារសាធារណៈខេត្តបាន អោយដឹងថា៖មន្ត្រីរាជការស៊ីវិលទូទាំងខេត្តប៉ៃលិនមានចំនួន ១,៧២៩នាក់ ស្រី៦៨៨នាក់ និងប្រភេទក្របខណ្ឌ(ក)៤៥១នាក់ ស្រី១១៨នាក់ ក្របខណ្ឌ(ខ)៧២៦នាក់ ស្រី៣០៥នាក់ ក្របខណ្ឌ(គ)៥៥២នាក់ ស្រី២៦៥នាក់ផងដែរ៕