អង្គការសុខភាពពិភពលោក (WHO)បាននិយាយកាលពីថ្ងៃអង្គារទី ១២ ខែកក្កដាថា កូវីដ១៩នៅតែជាភាពអាសន្នសកល នៅពេលជិត ២,៥ ឆ្នាំបន្ទាប់ពីវាត្រូវបានប្រកាសជាលើកដំបូង។
គណៈកម្មាធិការគ្រាអាសន្ន ដែលបង្កើតឡើងដោយអ្នកជំនាញឯករាជ្យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងដែលកំពុងកើនឡើង ការវិវត្តនៃមេរោគនិងសម្ពាធលើសេវាសុខភាពនៅក្នុងប្រទេសមួយចំនួន មានន័យថា ស្ថានភាពនៅតែស្ថិតក្នុងភាពអាសន្ននៅឡើយ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការបាននិយាយថា ករណីឆ្លងកូវីដដែលបានរាយការណ៍ទៅ WHO បានកើនឡើង ៣០ ភាគរយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះទោះបីជាការកើនឡើងនៃភាពស៊ាំក្នុងចំណោមប្រជាជនដែលភាគច្រើនបានមកពីវ៉ាក់សាំង បានឃើញ “ការថយចុះយ៉ាងច្រើន” នៃករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់ដោយជំងឺនេះ។
អគ្គនាយក WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងហ្សឺណែវបន្ទាប់ពីការប្រកាសនេះថា “កូវីដ១៩មិនទាន់ចប់នោះទេ។ខណៈនេះ មេរោគរុញពួកយើង យើងត្រូវរុញច្រានវិញ”។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានប្រកាសជាលើកដំបូងអំពីកម្រិតប្រកាសអាសន្នខ្ពស់បំផុតដែលគេស្គាល់ថាភាពអាសន្នផ្នែកសុខភាពសាធារណៈគួរឱ្យព្រួយបារម្ភជាអន្តរជាតិសម្រាប់ជំងឺកូវីដ១៩ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។
ការប្រកាសបែបនេះអាចជួយពន្លឿនការស្រាវជ្រាវ ការផ្តល់មូលនិធិ និងវិធានការសុខភាពសាធារណៈអន្តរជាតិដើម្បីទប់ស្កាត់ជំងឺ៕