នៅព្រឹកថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឲ្យលោក Tim Paterson លេខាទី១អគ្គរាជទូតស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងវឌ្ឍនភាពនៃការអភិវឌ្ឍដែលរដ្ឋបាលខេត្តប៉ៃលិនសម្រេចបាន ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានសម្តែងនូវមតិស្វាគមន៍ចំពោះប្រតិភូនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងទឹកដីនៃខេត្តប៉ៃលិន ដែលជាទឹកដីត្បូងពេជ្រ និងបានជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ទំនៀមទំលាប់ និងមុខរបរ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើង ពីសក្ដានុពលសំខាន់ៗរបស់ខេត្តប៉ៃលិនរួមមាន៖ វិស័យកសិកម្ម វិស័យទេសចរណ៍ កសិផល និងទំនាក់ទំនងសេដ្ឋកិច្ច និងព្រំដែន ខ្មែរ ថៃ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានស្នើសុំទូតអូស្ត្រាលី មេត្តាជួយសម្របសម្រួលស្វែងរកទីផ្សារសម្រាប់នាំចេញកសិផល ដំណាំកសិឧស្សាហកម្មមួយចំនួន ទៅកាន់ប្រទេសអូស្ត្រាលីនិងបណ្តាប្រទេសផ្សេងៗដើម្បីលើកកម្ពស់ទីផ្សារនិងជីវភាពប្រជាពលរដ្ឋខេត្តប៉ៃលិន។ ជាមួយគ្នានោះក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បច្ចុប្បន្នខេត្តប៉ៃលិនកំពុងអភិវឌ្ឍន៍ វិស័យទេសចរណ៍អោយកាន់តែមានភាពទាក់ទាញជាងមុន ដូចនេះទាមទារដៃគូអភិវឌ្ឍន៍និងសហការ ហើយស្វាគន៍ជានិច្ចចំពោះក្រុមហ៊ុនតូចធំជាពិសេសវិនិយោគិនអូស្ត្រាលីលើការអភិវឌ្ឍន៍ខេត្តប៉ៃលិន អោយក្លាយជាតំបន់សម្បូរបែបទាក់ទាញជាងគេលើវិស័យទេសចរណ៍និងកសិកម្មផងដែរ។ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែផ្ដល់ជំនួយ តាមរយៈគម្រោងនានា និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសជំនួយវ៉ាក់សំាងដល់កម្ពុជាលុបបំបាត់ជម្ងឺកូវីដ-១៩ ហើយគម្រោងបោសសម្អាតមីននៅកម្ពុជា ជាពិសេសខេត្តប៉ៃលិនផងដែរ។
ជាការឆ្លើយតប លោក Tim Paterson លេខាទី១ អគ្គរាជទូតស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអភិបាលខេត្តប៉ៃលិន និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់អភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនគ្រប់វិស័យ ពីតំបន់ពោរពេញដោយសង្គ្រាមរាំរ៉ៃ គ្រាប់មីនមិនទាន់ផ្ទុះរាប់មិនអស់ ប្រែក្លាយជាតំបន់ទាក់ទាញ និងពោរពេញដោយការអភិវឌ្ឍន៍ប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Tim Paterson បានគូសបញ្ជាក់ដែរថា៖ សម្រាប់ចំណងមិត្តភាពអូស្ត្រាលី និងកម្ពុជាមានរយះពេល៧០ឆ្នាំមកហើយ ជាមួយគ្នានោះប្រទេសអូស្ត្រាលីបានជួយមកលើកម្ពុជារាប់មិនអស់ ហើយការទស្សនះកិច្ចសិក្សាស្វែងយល់នៅខេត្តប៉ៃលិននៅពេលនេះក៏ជាឱកាសអោយប្រទេសអូស្ត្រាលីសិក្សាស្វែងយល់ពីផលលំបាករបស់ខេត្តប៉ៃលិនហើយបំពេញបន្ថែមអោយមានភាពសមស្របនិងច្បាស់លាស់ទៀតផង។ លោកក៏បានបញ្ជាក់បន្ថែមថា អូស្ត្រាលី ក៏មានគម្រោងជួយទៅលើការបោសសម្អាតមីននៅខេត្តប៉ៃលិនបន្ថែមទៀត ព្រមទាំងបន្តកិច្ចសហការ និងផ្ដល់ជំនួយតាមរយៈគម្រោងនានា ដល់ខេត្តប៉ៃលិនផងដែរ៕