នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីសេចកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន ក្រោមការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោក គោស៊ុម ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានអញ្ជើញចូលរួមពីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ផងដែរ ។
បន្ទាប់ពីអានសេចក្តីប្រកាស និងប្រគល់សេចក្តីប្រកាស ព្រមទាំងត្រា ហើយធ្វើការប្តេជ្ញាចិត្តរបស់លោក ប៉ូច សាអែម ប្រធានមន្ទីរថ្មីរួមមក លោកគោស៊ុម ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិនបានមានប្រសាន៍ថា៖ ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយខេត្តប៉ៃលិនក្លាយជាខេត្តមានការអភិវឌ្ឍយ៉ាងឆាប់លើគ្រប់វិស័យ ហើយបានផ្តល់ភាពសុខក្សេមក្សាន្ត និងគុណភាពជីវិតដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលនេះការផ្លាស់ប្ដូរ ឬតែងតាំង សម្រួលភារៈកិច្ច គឺជាធម្មតាសម្រាប់ក្របខណ្ឌមន្ត្រីរាជការ របស់រាជរដ្ឋាភិបាលទៅតាមគុណបំណាច់ និងស្នាដៃក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក ដូច្នេះលោកសង្ឃឹមថាក្រោយពីការតែងតាំងប្រធានមន្ទីរសេដ្ឋកិច្ចថ្មីនេះ នឹងមានរចនាសម្ព័ន្ធថ្នាក់ដឹកនាំគ្រប់គ្រាន់ ដែលអាចមានលទ្ធភាពបំពេញការងារបំរើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា តាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ។ លោកក៏បានកោតសសើរដល់ប្រធានមន្ទីរចាស់ដែលចូលនិវត្តបានខិតខំបម្រើការងារដោយយកចិត្តទុកដាក់ខ្ពស់បំផុតនៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិននាពេលកន្លងមកប្រកបដោយឆន្ទះមនសិការវិជ្ជាជីវៈ ដែលនាំអោយមន្ទីរមានការរីកចម្រើន និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។ ទន្ទឹមនឹងនោះលោកក៏បានណែនាំដល់ប្រធានមន្ទីរដែលត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មីត្រូវបន្តដឹកនាំអង្គភាពរបស់ខ្លួនដោយធ្វើការច្នៃប្រឌិតក្នុងការដឹកនាំគ្រប់គ្រង អោយកាន់តែមានប្រសិទ្ធិភាពល្អថែមទៀត និងត្រូវទទួលយកចក្ខុវិស័យមួយចំនួនសម្រាប់យកទៅអនុវត្តលើការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុទ្ធនានា។
ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំរេចជ្រើសរើសយកមកប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក <<កែទម្រង់ គឺរស់ បើមិនកែទម្រង់ គឺស្លាប់>> ក្នុងន័យនេះការងាកែទម្រង់ គឺការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំកម្ពុជាឈានទៅសំរេចបានជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តមអគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តាំផ្ញើរដល់លោក ប៉ូច សាអែម ដែលជាប្រធានមន្ទីរថ្មីត្រូវខិតខំអនុវត្តតួនាទីភារកិច្ចដែលអង្គភាពប្រគល់ជូនក្នុងការធ្វើឲ្យការងារហិរញ្ញវត្ថុ ខេត្តមានការរីកចម្រើន និងសហប្រតិបត្តិការល្អទន់ភ្លន់ ម៉ត់ចត់ ជាមួយរដ្ឋបាលខេត្ត គ្រប់មន្ទីរអង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងគោលនយោបាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យកាន់តែល្អប្រសើរ។
ឯកឧត្តមបានបន្តទៀតថា៖ ក្រៅពីនេះត្រូវខិតខំប្រឹងប្រែងបំពេញមុខនាទីរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអភិក្រម ការងារដឹកនាំ និងគ្រប់គ្រងអង្គភាព តាមគោលការណ៍ បុរេសកម្ម ការបំពេញកាងារជាក្រុមនានាឲ្យមានតម្លាភាពប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់ ៕