ប៉ៃលិន៖ ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និង សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ទី១,ជំទប់ទី២ អណត្តិទី៥ ១-សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន សមាសភាពក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៥រូប ក្នុងនោះ លោកស្រី ចក់ ណែត ជាប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់, លោក អ៊ុន វេន ជាចៅសង្កាត់រងទី១ និងលោកស្រី មៀច ផាន់ណារ៉ុង ជាចៅសង្កាត់ទី២ ។ ២-ឃុំអូរអណ្តូង ស្រុកសាលាក្រៅ សមាសភាពក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៥រូប ក្នុងនោះ លោកស្រី សេក សុភី ជាប្រធានក្រុមប្រឹក្សាឃុំ និង ជាមេឃុំ, លោក ស៊ុត ឡាឌី ជាជំទប់ទី១ និងលោក ហ៊ឹម ឃ្លឿ ជាជំទប់ទី២ ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកមេឃុំ/ចៅសង្កាត់ អាណត្តិទី៤ និង ការប្រគល់សេចក្តីសម្រេច និង ត្រា ព្រមទាំង ការធ្វើការប្តេជ្ញាចិត្តរបស់លោកមេឃុំ/ចៅសង្កាត់ អាណត្តិទី៥ រួចមក មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដិទី៥ និង ជាមេឃុំ/ចៅសង្កាត់ ព្រមទាំង ចៅសង្កាត់រង និងជំទប់ទំាងអស់ ដែលបានទទួលនូវសេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ/ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ/សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្នុងនាមជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ ការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធាណៈ ដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ ការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដិថ្មីក៍ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដិចាស់ បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និង ការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងាររបស់ខ្លួន ហើយបន្ទាប់ពីការប្រកាសសុពលភាពនេះទៅ ក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវធ្វើការអនុម័ត បទបញ្ជាផ្ទៃក្នុង ឲ្យស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរឃុំ/សង្កាត់ អណត្តិទី៥ ទាំងអស់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ព្រមទាំងត្រូវខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គម ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕