ប៉ៃលិន៖ ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និង សមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ទី១,ជំទប់ទី២ អណត្តិទី៥ ១-សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន -ក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៧រូប ក្នុងនោះ លោក អោម សារិន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់, លោកស្រី ពេញ ម៉ូយ ជាចៅសង្កាត់រងទី១ និងលោកស្រី យ៉ា គឹមឡេង ជាចៅសង្កាត់រងទី២ ។ ២-សង្កាត់ទូលល្វា ក្រុងប៉ៃលិន -ក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៥រូប ក្នុងនោះ លោកស្រី ទន់ ស៊ីមេន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់, លោក សំ ភួង ជាចៅសង្កាត់រងទី១ និងលោក អែល សុគុណ ជាចៅសង្កាត់រងទី២ ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកមេឃុំ-ចៅសង្កាត់អាណត្តិទី៤ និង ការប្រគល់សេចក្តីសម្រេច និង ត្រា ព្រមទាំង ការធ្វើការប្តេជ្ញាចិត្តរបស់លោកមេឃុំ -ចៅសង្កាត់អាណត្តិទី៥ រួចមក មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្ដិទី៥ និង ជាមេឃុំ-ចៅសង្កាត់ ជំទប់ ទំាងអស់ ដែលបានទទួលនូវសេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក បានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ ។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្នុងនាមជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ ការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធាណៈ ដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ ការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិថ្មីក៍ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និង ការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងាររបស់ខ្លួន៕