ព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២២ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ “ចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយជាតិពាក់ព័ន្ធ និងអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខមាលភាពស្ត្រី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង អង្គភាពពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត ដែលមានរយះពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០៤-០៥ កក្កដា ២០២២ នៅសាលាខេត្តប៉ៃលិន។
លោកជំទាវ ចម និម្មល រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានអោយដឹងថា៖ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី៖ “អនុសញ្ញាស៊ី-ដ (CEDAW) និង អនុសាសន៍១១ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាបង្កើនការយល់ដឹង ការគាំទ្រ និងការចូលរួមចំណែកយ៉ាងសកម្មពីគ្រប់អង្គភាពក្នុងយុទ្ធនាការលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធ ការរំលោភបំពានផ្សេងៗ ព្រមទាំងពង្រឹងការតាមដានការអនុវត្តអនុសញ្ញា និងច្បាប់ពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់សិទ្ធិរបស់នារីភេទ តាមរយៈការបង្កើនសមាស ភាពស្ត្រីភេទក្នុងជួរថ្នាក់ដឹកនាំតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលនេះបង្ហាញពីការលើកកម្ពស់លើស្ត្រីជាថ្នាក់ដឹកនាំផងដែរ។ លោកជំទាវរដ្ឋលេខាធិការបានបន្តថា៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសលើការលើកកម្ពស់សិទ្ធស្ត្រីស្មើនឹងបុរសក្នុងសង្គម ការងារ ហើយការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខមាលភាពស្ត្រី ដែលនេះជាការគិតគូរយកចិត្តទុកដាក់លើស្ត្រី។
ក្នុងឱកាសនោះដែរលោកជំទាវរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរចំពោះវាគ្មិន និងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញមកពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្តចូលរួមសិក្ខាសាលារយះពេលពីរថ្ងៃនេះបានចូលរួមយ៉ាងសកម្មក្នុងការសួរដេញដោល ផ្ដល់មតិយោបល់ និងការចែករំលែកចំណេះដឹងពាក់ព័ន្ធបានផុលផុស ហើយសិក្ខាសាលានេះប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាតាមការគ្រោងទុក លើការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (អនុសញ្ញាស៊ី-ដ (CEDAW) ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខមាលភាពស្ត្រីអោយមានប្រសិទ្ធភាពខ្ពស់៕