អង្គការសុខភាពពិភពលោក (WHO)បានអំពាវនាវកាលពីថ្ងៃសុក្រ ទី០១ កក្កដាឱ្យចាត់វិធានការ “បន្ទាន់”ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វានៅក្នុងទ្វីបអឺរ៉ុប ដោយកត់សម្គាល់ថា ករណីឆ្លងបានកើនឡើងបីដងនៅទីនោះក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។
វេជ្ជបណ្ឌិត ហាន ហង់រី គ្លូជ (Hans Henri Kluge) នាយក WHOប្រចាំទ្វីបអឺរ៉ុបបាននិយាយថា “ថ្ងៃនេះខ្ញុំសូមពង្រឹងការអំពាវនាវរបស់ខ្ញុំឱ្យរដ្ឋាភិបាលនិងសង្គមស៊ីវិលនានាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានសប្តាហ៍និងខែខាងមុខនេះ ដើម្បីទប់ស្កាត់ជំងឺអុតស្វាកុំឱ្យបង្កើតខ្លួនវារឹងមាំនៅទូទាំងតំបន់ភូមិសាស្ត្រដែលកំពុងរីករាលដាលខ្លាំងឡើងនេះ”។
លោកបានបន្ថែមថា “សកម្មភាពបន្ទាន់និងដែលមានការសម្របសម្រួលគឺចាំបាច់ ប្រសិនបើយើងចង់បញ្ឈប់ការឆ្លងរាលដាលនៃជំងឺនេះ”។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលនិងសេវាមនុស្សជាតិ (HHS)របស់អាម៉េរិកបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអាម៉េរិកបានបញ្ជាទិញវ៉ាក់សាំង ២,៥ លានដូសបន្ថែមទៀតពីក្រុមហ៊ុន Bavarian Nordic សម្រាប់ប្រើប្រឆាំងនឹងជំងឺអុតស្វា។
វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រួចហើយទាំងសម្រាប់ជំងឺអុតស្វាយនិងជំងឺអុតស្វានៅសហរដ្ឋអាម៉េរិក ដែលគេហៅវាថា វ៉ាក់សាំង Jynneos ។
រដ្ឋាភិបាលអាម៉េរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអុតស្វា ដោយបញ្ជូនវ៉ាក់សាំងរាប់សិបម៉ឺនដូសទៅរដ្ឋនានាក្នុងប៉ុន្មានខែខាងមុខនេះ ដោយពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំងសម្រាប់អ្នកដែលមានហានិភ័យបំផុត និងបង្កើនការផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានចំនួនករណីឆ្លងខ្ពស់៕