ប៉ៃលិន៖ ថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២២ នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ជំទប់ទី១,ជំទប់ទី២ អណត្តិទី៥ ១-សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន -ក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៩រូប ក្នុងនោះ លោក នីម អឿន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់, លោក សួស សុខា ជាចៅសង្កាត់រងទី១ និងលោក ចាន់ សោភ័ណ ជាចៅសង្កាត់រងទី២ ។ ២-ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ -ក្រុមប្រឹក្សាឃុំ មានចំនួន ០៩រូប ក្នុងនោះ លោក ហ៊ុន ប៊ិន ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ, លោក ប៉ាង គឹមអេង ជាជំទប់ទី១ និងលោក កែវ ប៊ុនថន ជាជំទប់ទី២។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកមេឃុំ-ចៅសង្កាត់អាណត្តិទី៤ និង ការប្រគល់សេចក្តីសម្រេច និង ត្រា ព្រមទាំង ការធ្វើការប្តេជ្ញាចិត្តរបស់លោកមេឃុំ -ចៅសង្កាត់អាណត្តិទី៥ រួចមក មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្ដិទី៥ និង ជាមេឃុំ-ចៅសង្កាត់ ជំទប់ ទំាងអស់ ដែលបានទទួលនូវសេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក បានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលបោះឆ្នោតជ្រើសរើសឡើង ពីប្រជាពលរដ្ឋ ក្នុងភូមិ និងមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍មូលដ្ឋានក៍ពិតមែន តែក្រុមប្រឹក្សាជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ដូច្នេះក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានា ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ហើយបន្ទាប់ពីការប្រកាសសុពលភាពនេះទៅ ត្រូវអនុម័ត តាមបទបញ្ជាផ្ទៃក្នុង ឲ្យស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តល់នូវដំបូន្មានល្អៗ និង អនុសាសន៍ បទពិសោធន៍មួយចំនួន ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃអាណត្តិទី៥ ដើមី្បជាប្រទីបឆ្លុះបញ្ចាំងក្នុងការគ្រប់គ្រង ដឹកនាំឃុំ សង្កាត់ លើកិច្ចអភិវឌ្ឍឲ្យមានការរីកចម្រើនបន្ត ហើយបើទោះបី ការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិថ្មីក៍ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្ដល់សេវាព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ៕