នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានប្រារព្ធពិធីខួបលើកទី ១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ស្ថិតក្រោមអធិបតីភាព លោក ហែម ឬទ្ធី អភិបារងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តនិងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សមាជិក សមាជិកា និងបងប្អូនអតីតយុទ្ធជនចំនួន១២០នាក់។
ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាននគរបាលខេត្តនិងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនបានអានរបាយការណ៍ស្វាគមន៍ថា៖ ទិវាអតីតយុទ្ធជនកម្ពុជា របស់សមាគមអតីតយុទ្ធជនកម្ពុជានាពេលនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកអំពីវីរភាព និងផ្តល់កិត្តិយសឲ្យសាកសមនឹងគុណបំណាច់របស់អតីតយុទ្ធជន ដែលមានចំពោះជាតិមាតុភូមិនិងប្រជាជន និងជាការផ្សព្វផ្សាយនូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើជូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់។ លោកបានបន្តថា៖ ក្នុងឆ្នាំ២០២១ ខេត្តប៉ៃលិនមានអតីតយុទ្ធជន ចំនួន១៤៩០នាក់ ក្នុងនោះមានផ្នែកគ្រួសារពលីចំនួន១៣៣នាក់, ផ្នែកគ្រួសារមរណៈចំនួន៣៣នាក់, ផ្នែកពិការចំនួន៨៧៥នាក់, ផ្នែកនិវត្តន៍ជនចំនួន៤៣៤នាក់ និងផ្នែកជនបាត់បង់សមត្ថភាពការងារចំនួន១៥នាក់ ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្តែងនូវការគោរពនិងថ្លែងអំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជារួមចំណែកធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ។ លោកបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព ហើយបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋ ស្នើមរបស់មាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ហើយសូមអោយគ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារីដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន។ ហើយត្រូវបន្តអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិ ជាពិសេសត្រូវជម្រុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន។ លោកបានបន្តទៀតថា៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគម និងបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឲ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឲ្យបានសកម្មក្នុងចលនាប្រឡងប្រណាំ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ។ លោក អភិបាលរងក៏បានជម្រុញដល់បងប្អូនអតីយុទ្ធជនទាំងអស់ត្រូវទៅទទួលចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាននិងដូសជំរុញ ហើយរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្ត៣កុំ៣ការពារ។
សូមបញ្ជាក់ថា៖ បងប្អូនអតីតយុទ្ធជនចំនួន១២០នាក់ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, ទឹកស៊ីអ៊ី០១យួរ, ទឹកត្រី០១យួរ, ត្រីខ០១យួរ, មី០១កេស និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕