ដោយបន្តការធ្វើដំណើររបស់ពួកវានៅទូទាំងអាម៉េរិក អូមីក្រុងបំប្លែងខ្លួនឬកូនអូមីក្រុងដែលភាសាបច្ចេកទេសហោះថាBA.4 និង BA.5កំពុងគ្របដណ្តប់លើវីរុសកូវីដប្រភេទដទៃទៀតនៅអាម៉េរិក នេះបើតាមការវាយតំលៃរបស់មជ្ឈមណ្ឌលសំរាប់គ្រប់គ្រងនិងបង្ការជំងឺកាលពីថ្ងៃអង្គារ។
គិតមកត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន BA.4តំណាងអោយការឆ្លង១៥,៧ភាគរយនៃករណីឆ្លងថ្មី និងBA.5ស្មើនឹង៣៦,៦ភាគរយ សរុបស្មើនឹង៥២ភាគរយនៃការឆ្លងកូវីដ១៩ថ្មីនៅអាម៉េរិក ហើយចំនួនរបស់វាត្រូវរំពឹងថានឹងកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។
បើតាមសារព័ត៌មានNew York Times នៅប៉ុន្មានសប្តាហ៍មកនេះករណីឆ្លងថ្មីជាមធ្យមជាង១០០.០០០ត្រូវបានរាយការណ៍ក្នុងមួយថ្ងៃៗនៅអាម៉េរិក តែគេគិតថាវាជាចំនួនដែលច្បិចយកតែមួយចំណែកនៃការឆ្លងជាក់ស្តែង។
អ្នកវិទ្យាសាស្ត្រខ្លះបាននិយាយថា ការផ្ទុះកូវីដ១៩នៅរលកបច្ចុប្បន្នជាការផ្ទុះធំបំផុតទីពីរនៅអាម៉េរិក។
ស្ថិតិបញ្ចេញកាលពីថ្ងៃអង្គារកើតឡើងចំនៅថ្ងៃដែលគណៈកម្មាធិការជំនាញមួយបានអនុម័តផែនការរបស់រដ្ឋបាលចំណីអាហារនិងឳសថស្តីពីការចាក់វ៉ាក់សាំងដូសជំរុញប្រឆាំងមេរោគអូមីក្រុងប្រភេទខ្លះ ទោះជាវីរុសនេះអាចនឹងវិវត្តជាថ្មីនៅរដូវរំហើយ។
នៅមិនដល់ប្រាំមួយខែផងចាប់តាំងពីពេលដែល BA.4 និង BA.5ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង វីរុសបំប្លែងខ្លួនរងនេះទំនងជាបានចាក់គ្រឹះនៅក្នុងសហរដ្ឋអាម៉េរិករួចជាស្រេចនិងត្រួតត្រាលើអូមីក្រុងពីរប្រភេទមុនរួមមាន BA.2ដែលបានគ្របដណ្តប់លើវីរុសកូវីដ១៩ផ្សេងៗកាលពីរដីវរំហើយមុន។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ វីរុសមួយប្រភេទទៀត BA.2.12.1 បង្ហាញខ្លួនច្រើនជាគេគិតត្រឹមថ្ងៃ១៨មិថុនា។កាលពីរដូវរងារ អូមីក្រុងបំប្លែងខ្លួនប្រភេទនេះបានលេចចេញដំបូងនៅអាម៉េរិកនិងបណ្តាលអោយចំនួនឆ្លងកើនឡើង។មុនវត្តមានរបស់វា វីរុសប្រភេទដែលតាបានត្រួតត្រាគ្រប់លើវីរុសដទៃទៀតនៅអាម៉េរិក។
បើតាមអ្នកជំនាញការ BA.4 និងBA.5មានសមត្ថភាពគេចចេញពីអង្គបដិបក្ខប្រាណដែលផលិតឡើងក្រោយការចាក់វ៉ាក់សាំងកូវីដ១៩។ប្រការនេះនាំអោយពួកវាចម្លងលឿនជាងវីរុសមុនៗក្នងត្រកូលអូមីក្រុង តែនៅមិនទាន់មានភស្តុតាងបញ្ហាថាវាបង្កជំងឺធ្ងន់ធ្ងរជាងវីរុសមុនៗដែរឬយ៉ាងណាទេ។
គិតមកត្រឹមថ្ងៃចន្ទ ការចូលដេកពេទ្យដោយជំងឺកូវីដ១៩នៅសហរដ្ឋអាម៉េរិកបានកើនឡើង៦ភាគរយនៅពីរសប្តាហ៍មកនេះ មកដល់ជាមធ្យម៣១.០០០នាក់ក្នុងមួយថ្ងៃ ហើយការស្លាប់នៅក្រោម៤០០នាក់ក្នុងមួយថ្ងៃ៕