រាជធានីភ្នំពេញ ៖ អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ឯកឧត្តម បួនហ៊ីង សុធីយ៉ា គូសបញ្ជាក់ថា មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមតេក្វាន់ដូ ITF សរុបចំនួន ១៦នាក់ បានចូលរួមរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំ២០២២ ដែលនេះជាព្រឹត្តិការណ៍ថ្មីមួយទៀត ក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែមដល់មន្ត្រីសហព័ន្ធ ដើម្បីឲ្យមានភាពប្រាកដប្រជានៃដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ កាលពីថ្ងៃទី២៦ ខែមិថុនា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា តាមរយៈការរៀបចំប្រកួតកីឡាតេក្វាន់ដូ ITF នៃព្រឹត្តិការណ៍កីឡាឧត្តមសិក្សាថ្នាក់ជាតិនេះ គឺល្អខ្លាំងណាស់ ក្នុងការជួយជំរុញឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល-ចៅក្រមរបស់សហព័ន្ធបានដុសខាត់សមត្ថភាពបន្ថែម ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ យើងក៏នឹងអាចពិនិត្យមើលលើចំណុចខ្វះខាតរបស់ពួកគាត់ ដើម្បីកែលម្អឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីគោលដៅរៀបចំប្រភេទកីឡាតេក្វាន់ដូ ITF នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជាផង និងជាប្រវត្តិសាស្ត្រដំបូងរបស់ប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងប្រវត្តិសាស្ត្រ ស៊ីហ្គេម ក្នុងរយៈពេល៣២លើក ស្មើនឹងរយៈពេល៦៤ឆ្នាំផងដែរ។
ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសនេះ សហព័ន្ធតេក្វាន់ដូ ITF បានប្រើប្រាស់មន្ត្រីគណៈកម្មការបច្ចេកទេសចំនួន១៦នាក់ ហើយក្នុងចំនួននេះ គឺមានមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមចំនួន៥នាក់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការបម្រើដល់ការប្រកួតកម្រិតអន្តរជាតិ ជាពិសេសគឺចូលរួមកាត់សេចក្តីក្នុងស៊ីហ្គេម ២០២៣ ខណៈគោលការណ៍របស់សហព័ន្ធតេក្វាន់ដូ ITF អាស៊ី ក៏បានកំណត់ដែរថា ម្ចាស់ផ្ទះអាចដាក់អាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិរបស់ខ្លួនបានចំនួន៥នាក់ ក្នុងការចូលរួមកាត់សេចក្តីជាមួយអាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិ នាពេល ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ជារួម គោលការណ៍សហព័ន្ធស្របជាមួយនឹងគោលដៅដែលបានដាក់ចេញពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាជំរុញឲ្យប្រភេទកីឡាតេក្វាន់ដូ ITF រួមទាំងប្រភេទកីឡាទាំងអស់ត្រូវតែគោរពឲ្យបានជាដាច់ខាតនូវតម្លាភាព យុត្តិធម៌។ គោលដៅរបស់យើងជំរុញឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងមន្ត្រីបច្ចេកទេស ទាំងការចូលរួមប្រកួតប្រជែងរបស់កីឡាករ កីឡាការិនីទាំងអស់គោរពឲ្យបាននូវយុត្តិធម៌ ស្មារតីកីឡា ដែលទទួលយកបានគ្រប់ៗគ្នា។
ក្នុងនាមឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងថ្នាក់ដឹកនាំប្រតិបត្តិសហព័ន្ធ ឯកឧត្តម បួនហ៊ីង សុធីយ៉ា បានចាត់ទុកថា ការរៀបចំកាប្រកួតកីឡានិស្សិតឧត្តមសិក្សាថ្នាក់ជាតិនេះកំពុងជួយជំរុញលើកកម្ពស់បន្ថែមដល់ការអភិវឌ្ឍបច្ចេកទេស ព្រមទាំងការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីជានិស្សិតឲ្យកាន់តែសម្បូរបែប និងមានគុណភាពខ្ពស់ នាថ្ងៃអនាគត។
ឯកឧត្តមជឿជាក់ថា តាមរយៈការរៀបចំនេះនឹងជួយពង្រឹងបន្ថែម ក្នុងការអភិវឌ្ឍនិស្សិតអាចក្លាយជាសមាជិកក្រុមជម្រើសជាតិ និងអាចក្លាយជាគ្រូបង្វឹក នាថ្ងៃអនាគត ។ ព្រឹត្តិការណ៍និស្សិតឧត្តមសិក្សានេះមានផលចំណេញយ៉ាងច្រើន ដើម្បីអភិវឌ្ឍពួកគាត់ឲ្យកាន់តែល្អប្រសើរ សម្រាប់ការប្រកួតផ្សេងៗទៀត នាពេលខាងមុខផងដែរ។
គួរបញ្ជាក់ថា ប្រភេទកីឡាតេក្វាន់ដូ ITF មានកីឡាករ កីឡាការិនីជានិស្សិតចូលរួមសរុបចំនួន ៦៤នាក់ (កីឡាករ៣៦នាក់ កីឡាការិនី២៨នាក់) មកពីគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៧ ដោយមាន១៣វិញ្ញាសា ក្នុងនោះរៀបចំវិញ្ញាសា សម្តែងមេគុណ ចំនួន៤ និងវិញ្ញាសាប្រយុទ្ធចំនួន៩ ។
ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដំណើរការពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែមិថុនា ដោយមាន១២ប្រភេទកីឡា ស្មើនឹង៨៨វិញ្ញាសា ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១២ប្រភេទកីឡា៕