មន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិនបានរៀបចំពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអប់រំខេត្ត ក្រោមអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងក្រុង-ស្រុក លោកនាយក នាកយរងសាលា មន្ត្រីរាជការនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត អង្គការជាដៃគូ និង លោកគ្រូ អ្នកគ្រូ ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអានរបាយការណ៏និងការដំណើការសាលាថា៖សាលារៀននៅគ្រប់ភូមិសិក្សាបានកើនឡើងគួរឲ្យកត់សម្គាល់ គឺបានកើនឡើងដល់ ១១០ សាលា ក្នុងឆ្នាំសិក្សា ២០២១-២០២២ ហើយ មានសិស្សានុសិស្សសរុបចំនួន ១៨,២៨៨នាក់ ស្រី ៩,២៦៣នាក់ ក្នុងនោះចែកចេញជា សាលាមត្តេយ្យសិក្សាមានចំនួន ២៥សាលា, សាលាបឋមសិក្សាមានចំនួន ៤៨សាលា, អនុវិទ្យាល័យមានចំនួន ០៧សាលា ,ហើយវិទ្យាល័យមានចំនួន ០២សាលា ផងដែរ។ ជាមួយគ្នានោះសិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយាភូមិទូទាំងខេត្តស្មើនឹង ៩៤ភាគរយ ដែលនេះជាលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់និង ជាទីមោទនៈ។ លើសពីនោះ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានថ្លែងថា៖ ក្នុងឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះ លោកគ្រូអ្នកគ្រូ និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ បានសហការជាមួយសហគមន៍អាជ្ញាធរដែនដីក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចយ៉ាងសកម្ម ដើម្បីអនុវត្តអោយបានជោគជ័យនូវកំណែទម្រង់ស៊ីជំម្រៅទាំង ០៨ចំនុច ដែលបានដាក់ចេញដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ហើយលោកប្រធានមន្ទីរក៏បានបន្តថា៖ សន្និបាតនាពេលនេះជាឱកាសល្អសម្រាប់មន្រ្តីអប់រំ សហគមន៍ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានជួបជុំគ្នា ជជែកវែកញែកផ្លាស់ប្តូរមតិយោបល់ចំណេះដឹង និងបទពិសោធន៍ក្នុងគោលបំណងដោះស្រាយបញ្ហានានា ដែលបានកើតឡើងនាឆ្នាំសិក្សាកន្លងទៅ និងរិះរកវិធានការថ្មីល្អៗ សម្រាប់អភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត អោយកាន់តែប្រសើឡើងថែមទៀតសម្រាប់ឆ្នាំ បន្ទាប់។
លោក ឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍សំដែងការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូទាំងអស់ដែលបានខិតខំអស់នូវកំលាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងបុព្វហេតុនៃ ការបង្ហាត់បង្រៀនដល់កុលបុត្រខ្មែរជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីអោយមានចំណេះ ជំនាញ ដែលជាធនធានដ៏សំខាន់ក្នុងការបន្តការដឹកនាំ អភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើនបន្តទៀត។ ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំមានសារះសំខាន់និងចាំបាច់ក្នុងការការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាព នៃការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈសមត្ថភាពនិងការអភិវឌ្ឍន៍។ អាស្រ័យហេតុនេះ ការបើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា ២០២០-២០២១ និង លើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ។ហើយលោកអភិបាលរងខេត្តបានសង្ឃឹមថា សមាជិកសមាជិកានៃអង្គសន្និបាតនឹងខិតខំចូលរួម បញ្ចេញមតិយោបល់ធ្វើបទបង្ហាញនិងពិភាក្សាក្នុងរយៈពេលពីរថ្ងៃនេះ ដើម្បីរកឱ្យឃើញនូវ បញ្ហាចម្បងៗ ដើម្បីដាក់ចេញជាអនុសាសន៍សម្រាប់អនុវត្តនាឆ្នាំសិក្សាថ្មី ២០២១-២០២២ ឲ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក ។ លោក ឃ្លោក នួយ បានសង្កត់ធ្ងន់ផងដែរថា៖ ការរីករាលដាលជម្ងឺកូវីដ ១៩ កន្លងមកនេះបានធ្វើអោយវិស័យអប់រំយើងនៅទូទាំងប្រទេសមានភាពអាក់ខានមួយរយះផងដែរ តែដោយ ការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន លើការអនុវត្តដោយជោគជ័យនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេស និងសង្គម-សេដ្ឋកិច្ចឡើងវិញពេញលេញ និងធ្វើឱ្យប្រជាជនកម្ពុជាអាច ប្រកបមុខរបរ និងអាជីវកម្មផ្សេងៗបានជាធម្មតា ហើយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏អាចវិលត្រឡប់ ចូលបង្រៀន និងរៀនបានពេញលេញផងដែរ។ ហើយលោកអភិបាលរងខេត្តបានបន្ថែមថា៖ ក្រោមការគិតគូរយកចិត្តទុកដាក់លើវិស័យអប់រំយើង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នឹងរៀបចំប្រាក់ឧបត្ថម្ភបន្ថែមអោយតាមសាលារៀននីមួយៗដែលមានវិន័យសិក្សាល្អ សាលារៀនស្អាត និងអនាម័យខ្ពស់ផងដែរ។
សូមបញ្ជាក់ថា ពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ៕