រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រសៀលថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ពិធី បិទព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នៅទីលានកីឡាបាល់ទះវិសាខា នៃកីឡដ្ឋានព្រីនស៍ រាជាធានីភ្នំពេញ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឆ្នាំ២០២២ បានចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានក្រុមចូលរួមចំនួន ២១ក្រុម ។
ម្ចាស់ជ័យលាភីបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ បានទៅលើក្រុមវិសាខា (B) បន្ទាប់ពីយកឈ្នះក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ (B) នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិត ទល់នឹង២សិត ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំឡើងនាពេលនេះ ក្នុងគោលបំណងសំខាន់ៗដូចតទៅ ៖
ទី១- ជាផែនការមួយស្ថិតនៅក្នុងចំណោមផែនការផ្សេងទៀត នៃការអភិវឌ្ឍវិស័យបាល់ទះ ឲ្យកាន់តែរីកចម្រើនថែមទៀត ។
ទី២- ជាជំហានធ្វើឲ្យមានក្លិបអាជីព ឬក្លិបបាល់ទះ មានអាជ្ញាប័ណ្ណកាន់តែច្រើន ដើម្បីឈានទៅរកស្តង់ដារអន្តរជាតិ ដូចប្រទេសជិតខាង។
ទី៣- ពង្រឹងវិស័យបាល់ទះ ឲ្យមានសក្តានុពលបំផុតទូទាំងប្រទេស ឬធ្វើឲ្យបាល់ទះជ្រាបចូលក្នុងក្រអៅបេះដូងរបស់យុវជនយើង រួមចំណែកធ្វើឲ្យប្រជាជនមានសុខភាពល្អ និងកុំឲ្យពួកគេប្រព្រឹត្តអំពើអបាយមុខ ឬអំពើខុសច្បាប់នៅក្នុងសង្គម ។
ទី៤- បង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗ នាពេលខាងមុខ ជាពិសេសការជ្រើសរើសកីឡាករ ចូលជាជម្រើសជាតិសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។
និងទី៥- សំខាន់បំផុត ពង្រឹងក្រុមជម្រើសជាតិ ឆ្ពោះទៅការឈ្នះមេដាយនៅស៊ីហ្គេម ឆ្នាំ២០២៣ និងប្រកួតអន្តរជាតិនានា ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួត ដែលមានអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា គឺលោក ស សុខា ដែលជាសេនាធិការដ៏សំខាន់របស់លោក, លោកអគ្គលេខាធិការ គណៈកម្មការជំនាញទាំង៧ ដៃគូឧបត្ថម្ភ ដៃគូសារព័ត៌មាន ដែលបានចុះយកព័ត៌មានផ្ទាល់ ទាំងពិធីចាប់ឆ្នោត ពិធីបើក រហូតដល់ពិធីបិទនាពេលនេះ ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន មានជំនឿជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំនេះ កីឡាកររបស់យើងមកពី ២១ រាជធានី-ខេត្ត ទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីជាទុន ទៅពង្រឹងនូវចំណុចខ្វះខាត សម្រាប់ការប្រកួតលើកក្រោយៗទៀតជាពុំខាន បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល១៨ថ្ងៃ មកនេះ ។
ទន្ទឹមគ្នានេះ គណៈកម្មការជំនាញទាំង៧ ខាងលើ បានយកចិត្តទុកដាក់ និងធ្វើការទៅតាមជំនាញ និងស្មារតីរៀងៗខ្លួន ដែលធ្វើឲ្យកម្មវិធីប្រកួតដំណើរការជោគជ័យល្អបំផុត ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការជំនាញទាំង៧ នឹងបន្តជួយជ្រោមជ្រែង ដើម្បីឲ្យសហព័ន្ធកីឡាបាល់ទះរបស់យើងខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិ ពិសេសទទួលជោគជ័យនៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ពាក់កណ្តាលឆ្នាំក្រោយ និងដណ្តើមបានមេដាយទី២ ជាប្រវត្តិសាស្ត្របន្ថែមទៀត បន្ទាប់ពីឈ្នះមេដាយសំរឹទ្ធជាប្រវត្តិសាស្តនៅប្រទេសវៀតណាម ៕