នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការ ឆ្នាំ២០២៣ -២០២៥ និងសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ជូនដល់មន្ទីរជំនាញក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៍ខ្ពងខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
បន្ទាប់ពីលោក វង់ រ៉េបេណា នឹងលោក យ៉ាន យឿន តំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញពីរបាយការណ៍អនុវត្តផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៣-២០២៥ និងចរាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ រួចមក លោកប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺដើម្បីផ្សព្វផ្សាយ សារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៣ -២០២៥ និងសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ជូនដល់មន្ទីរជំនាញក្នុងខេត្តប៉ៃលិន ងាយស្រួលគ្រប់គ្រងថវិកាចំណូល ចំណាយ ក្នុងការអនុវត្ត និងឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព។ លោកបន្តថា ចំពោះសេវាសាធាណះរបស់អង្គភាពមន្ទីរជំនាញដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ទៅអោយអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញត្រូវខិតខំយកចិត្តទុករកចំណូលអោយបានត្រូវនិងផែនការរបស់ខ្លួន និងត្រូវពិនិត្យតាមដានអោយបានច្បាស់លាស់ ដើម្បីរាយការជូនថ្នាក់ដឹកនាំខេត្ត។
លោក គោ ស៊ុំប៊ុនសឿន អភិបាលរងខេត្ត តំណាងដ៍ខ្ពងខ្ពស់លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាបាលក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈ ថ្នាក់ជាតិ និងក្រោមជាតិ អោយមានប្រសិទ្ធិភាពខ្ពស់ ដូច្នេះគ្រប់មន្ទីរជំនាញទាំងអស់ត្រូវខិតខំយកចិត្តទុកពង្រឹងសមត្ថភាព និងបំពេញភារៈកិច្ចតួនាទីរបស់ខ្លួនអោយបានល្អ ក្នុងការរៀបចំប្រាក់បៀវត្សជូនដល់មន្រ្តីរាជការ និងរៀបចំផែនការចំណូលចំណាយទៅតាមមុខងារ អង្គភាព ស្ថាប័នរបស់ខ្លួន ប្រកបដោយគុណភាព ត្រឹមត្រូវច្បាស់លាស់ ឆ្ពោះទៅចូលរួមការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីក្រុងរហូតដល់ជនបទ ជាពិសេសកាត់បន្ថយភាពក្រីក្រពីដំណាក់មួយទៅដំណាក់កាលមួយ ក្នុងន័យរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេលវែង ប្រកបដោយចីរភាព សមធម៌ បរិយាប័ន្ន និងរក្សាអោយបាននូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលជាមូលដ្ឋានគ្រឹះនិងចាំបាច់បំផុត សម្រាប់ឈាននិងសម្រេចបានូវគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺសុខដុមរមនាសង្គម និងសុខុមាលភាពប្រជាជន ។ លោកបន្តថា៖សារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៣ -២០២៥ និងសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តីជំនាញដែលអនុវត្តអោយបានចំគោលដៅ ពីនិតិវិធីនៃការរៀបចំថវិកា និងបង្កើតនូវចំណេះជំនាញបច្ចេកទេស ដើម្បីអនុវត្តជាក់ស្តែងទទួលបានជោគជ័យ ដូច្នេះមន្រ្តីជំនាញនៃក្រុមការងារថវិកាទាំងអស់ខិតខំរៀនសូត្រ និងត្រូវមានស្មារតីសាមគ្គីទទួលខុសត្រូវខ្ពស់ចំពោះការងារណាដែលថ្នាក់លើដាក់អោយអនុវត្តទៅតាមនិតិវិធីច្បាប់គតិយុទ្ធនានា៕