ទឹកឃ្មុំត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកជាកំពូលអាហារមានសារជាតិមានប្រយោជន៍បំផុតដល់សុខភាព និងសម្រស់។ ទឹកឃ្មុំជាទូទៅត្រូវបានប្រជាជនខ្មែរយើងយកទៅលាយជាមួយនឹងគ្រឿងផ្សំផ្សេងៗដើម្បីព្យាបាលជំងឺ និងជំនួយសុខភាពរបស់ខ្លួនជាដើម។ យ៉ាងណាថ្ងៃនេះយើងមកដឹងពីអត្ថប្រយោជន៍ខ្លះៗនៃទឹកឃ្មុំចំពោះសម្រស់ និងសុខភាព។
១ ផ្ដល់ថាមពលដ៏ច្រើនលើសលប់
នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗតែងតែមានថ្ងៃមួយចំនួនដែលយើងមានអារម្មណ៍ថាខ្លួនឯងមិនសូវមានថាមពលសោះ។ សម្រាប់មនុស្សមួយចំនួនធំនៅពេលដែលពួកគេមិនសូវមានកម្លាំងពួកគេតែងតែរត់រកកាហ្វេ ភេសជ្ជៈប៉ូវកម្លាំង ឬទឹកដូងជាដើម។ តែយ៉ាងណាអ្នកអាចសាកល្បងទឹកឃ្មុំលាយជាមួយនឹងអាហារផ្សេង ឬទឹកក្ដៅជាដើមដែលផ្ដល់ថាមពលដ៏ច្រើនលើសលប់ បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយរបស់សកលវិទ្យាល័យ Memphis ។
២ ពង្រឹងប្រព័ន្ធការពាររាងកាយ
ទឹកឃ្មុំមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយការពារអ្នកពីជំងឺជាច្រើនដូចជា៖ មហារីក ជំងឺសរសៃឈាមបេះដូង រលាក ខូចសរសៃប្រសាទ ព្យាបាលមុខរបួស ជំងឺឆ្លង និងភាព ចាស់។ ដូច្នេះហើយការពិសាទឹកឃ្មុំមានអត្ថប្រយោជន៍ដ៏ច្រើនដែលយើងមិនអាចនឹងស្មានដល់។
៣ ផ្ដល់សំណើមដល់ស្បែក
នៅពេលដែលយើងលាបទឹកឃ្មុំនៅលើស្បែករបស់យើង វានឹងធ្វើការបានល្អប្រៀបដូចនឹងផលិតផលផ្ដល់សំណើមស្បែកល្អៗអញ្ចឹង។ មូលហេតុនេះហើយដែលធ្វើឲ្យក្រុមហ៊ុនផលិតផលសម្រស់ជាច្រើនបញ្ចូលទឹកឃ្មុំទៅលើផលិតផលម៉ាសបិទមុខរបស់ពួកគេ។
៤ ជួយឲ្យសក់ភ្លឺថ្លា
ទឹកឃ្មុំជួយផ្ដល់សំណើមដល់ស្បែកដល់ល្អ ដូចទៅនឹងការផ្ដល់សំណើមដល់សក់ផងដែរ។ ការប្រើប្រាស់ទឹកឃ្មុំលាយជាមួយនឹងប្រេងអូលីវជួយឲ្យភ្លឺថ្លា និងទន់ល្អបំផុត។ ដើម្បីលាយទឹកឃ្មុំជានឹងប្រេងអូលីវ អ្នកគ្រាន់តែលាយទឹកឃ្មុំចំនួន ១៧០ មីលីលីត្រជាមួយនឹងប្រេងអូលីវចំនួន ៦០ មីលីលីត្រ ហើយលាបឲ្យសព្វក្បាល បន្ទាប់មកលាងទឹកចេញជាការស្រេច៕