រាជធានីភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលធ្លាប់កោតសរសើរសម្រស់ខេត្តសៀមរាបជាគោលដៅនៃទេសចរណ៍ពិភពលោក តាមរយៈពេលហ្វេសប៊ុករបស់លោកកាលពីម្សិលមិញនេះ លោកបានលើកឡើងពីសក្តានុពលកីឡាបាល់ទាត់នៅខេត្តទេសចរណ៍មួយនេះ។
លោក Keisuke Honda ជាម្ចាស់ក្លិបសូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាបផងដែរនោះបានលើកឡើងថា «ឆ្លងការទស្សនារបស់ខ្ញុំកាលពីខែមុន ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខេត្តសៀមរាបមានសក្តានុពលក្នុងការក្លាយជាក្រុងបាល់ទាត់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍»។ជាមួយនឹងអំណះអំណាងខាងលើ លោក Honda បានលើកទឹកចិត្តដល់ពលរដ្ឋដែលរស់នៅខេត្តសៀមរាបឲ្យទៅទស្សនាការប្រកួតបាល់ទាត់ឲ្យបានញឹកញាប់។ ជាការចូលរួមចំណែក ក្លិបសូលទីឡូអង្គររបស់លោក នឹងផ្ដល់ការទស្សនារាល់ការប្រកួតដោយឥតគិតថ្លៃនារដូវកាលនេះ សម្រាប់មនុស្ស១០០០នាក់រៀងរាល់ការប្រកួត។
កាលពីខែឧសភា កន្លងមក ខណៈកំពុងស្ថិតនៅខេត្តសៀមរាប លោក Keisuke Honda បានសំដែងក្តីស្រឡាញ់ចំពោះខេត្តទេសចរណ៍មួយនេះ។ លោកបានសរសេរយ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន «ខ្ញុំស្ថិតនៅខេត្តសៀមរាប។ ខ្ញុំស្រឡាញ់ក្រុងនេះខ្លាំងណាស់»។ ទោះបីយ៉ាងណាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជារូបនេះ បានមើលឃើញពីឧបសគ្គផ្នែកសេដ្ឋកិច្ចកន្លងមក នាអំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩។លោកបានបន្ថែម៖«នេះជាពេលវេលាដែលត្រូវមកទស្សនាទីនេះសាជាថ្មីម្តងទៀត ពីបណ្តាភ្ញៀវទេសចរទាំងអស់លើពិភពលោក»។
សូមបញ្ជាក់ថា នៅខេត្តសៀមរាប ក្រៅពីក្លិបសូលទីឡូអង្គរដែលកំពុងលេងនៅក្របខណ្ឌលំដាប់ទីពីរ មានក្លិបអង្គរថាយហ្គឺរដែលលេងនៅក្របខណ្ឌកំពូល រួមទាំងក្លិបខេត្តសៀមរាប និងក្លិបមួយចំនួនទៀត។ ខេត្តមានកីឡដ្ឋានថ្នាក់ខេត្តនៅស្វាយធំ និងមានកីឡដ្ឋានឯកជន ហនុមានផងដែរ ៕