បាត់ដំបង៖ ស្ថិតនៅភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយពីទីរួមខេត្តប្រមាណជា ៥៤ គីទ្បូម៉ែត្រ «វត្តឈើខ្មៅ» ជាទួលសក្តិសិទ្ធិ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដែលធ្វើឱ្យភ្ញៀវទេសចរ ចង់ទៅទស្សនាគយគន់ គ្រប់រដូវកាល។
តាមរយៈមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា វត្តបុរាណមួយនេះ សាងសង់ទ្បើងនៅឆ្នាំ ១៨៨៧ ធ្វើទ្បើងពីរុក្ខជាតិឈើខ្មៅសុទ្ធសាធ ហាក់ដូចជាប្រាសាទផុសចេញពីក្នុងផ្ទៃទឹក នៅកណ្តាលតំបន់ព្រៃរនាម បឹងទន្លេសាប ដែលជាទួលសក្តិសិទ្ធិ ឬ ទួលអណ្តែត ដែលសម្បូរទៅដោយដើមឈើខ្មៅ។
តាមប្រភពបានឱ្យដឹងទៀតថា កាលដើមទ្បើយ ទួលនេះគឺជាទួលសក្តិសិទ្ធិ នៅក្នុងកណ្តាលតំបន់ព្រៃរនាមដៃបឹងទន្លេសាប។ ទោះបីជាមានទឹកជំនន់ធំប៉ុណ្ណា ក៍ទួលដែលសាងសង់ព្រះវិហារនោះ ពុំដែលលិចទ្បើយ។ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមវត្តនេះថា «ទួលអណ្តែត»។ នៅរដូវប្រាំង ព្រះវិហារនេះ មើលទៅដូចជាប្រាសាទមួយស្ថិតនៅកណ្តាលព្រៃរនាម ហាក់ដូចជាអណ្តែតពីក្នុងផ្ទៃទឹក ហើយនៅលើទួលនេះ មានសល់ទូកងមួយ ធ្វើពីឈើគគីរ ដែលដុះនៅលើទួលនោះ ដែលគេកសាងទ្បើង តាំងពីពេលកកើតវត្ត ហើយមានបារមីខ្លាំងពូកែ ពេលប្រកួតម្តងៗមិនដែលចាញ់គេទេ។
ពីអតីតកាលរហូតបច្ចុប្បន្ន មានប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះអណ្តែតទឹកស្ថិតក្នុងឃុំព្រៃចាស់ និង ឃុំកោះជីវាំង ស្រុកឯកភ្នំ តែងតែនាំគ្នាធ្វើបុណ្យគោរពបូជា និង នៅតែមានជំនឿលើបារមីរបស់ព្រះពុទ្ធរូប នៅក្នុងព្រះវិហារវត្តឈើខ្មៅ ឬទួលអណ្តែតនេះ៕