ប៉ៃលិន ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដល់ទីតាំង និង ចាត់វិធានការក្តៅ ចំពោះក្រុមជនខិលខូច ដែលលួចឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋដោយខុសច្បាប់ ស្ថិតនៅចំនុចអូរកប់អង្ករ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញអោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវចាប់ឱ្យបាននូវជនណា ដែលកំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដីភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋនេះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ ព្រោះបើមិនចាត់វិធានការក្ដៅនោះទេ ដីព្រៃភ្នំនៅតំបន់នេះ នឹងរងការឈូសឆាយទន្ទ្រានកាន់កាប់ជាបន្តបន្ទាប់។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងច្បាប់ និងគុណសម្បត្តិនៃដីព្រៃភ្នំធម្មជាតិ ដើម្បីចៀសវាងពួកគាត់ ធ្វើការកាប់ទន្ទ្រាន ឈូលឆាយដីព្រៃ តំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងណែនាំដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវធ្វើការចុះហត្ថលេខា ឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិ ដែលប្រើប្រាស់ដីព្រៃរបស់រដ្ឋឡើយ បើពុំនោះទេ អាជ្ញាធរភូមិ ឃុំ និងអ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទាំងអស់គ្នា ក្នុងការថែរក្សានូវព្រៃឈើ និងភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទុកជាប្រយោជន៍សម្រាប់ជាតិ និងសហគមន៍របស់យើង ពិសេសថែរក្សាទុកអោយបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ បានឃើញ និងបានស្គាល់ អំពីព្រៃឈើ និងភ្នំនានា ដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន ៕
សូមបញ្ជាក់ថា៖ បន្ទាប់ពីចុះពិនិត្យជាក់ស្តែងដល់ទីតាំងរំលោភបំពានដីរដ្ឋ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំក្រុមការងារ ដែលមានមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការវាស់វែង កំណត់ព្រំប្រទល់ដីព្រៃភ្នំ ជាកម្មសិទ្ធិរបស់រដ្ឋ អោយបានច្បាស់លាស់ ចៀសវាងមានជនឆ្លៀតឱកាស លួចធ្វើការឈូសឆាយ ទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធបុគ្គលជាបន្តទៀត៕