ខេត្តស្ទឹងត្រែង ៖ មានចម្ងាយប្រមាណជា៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ដើម្បីទៅដល់តំបន់ទេសចរណ៍កំពូលភ្នំ គេនឹងធ្វើដំណើរឆ្លងស្ពានទន្លេមគង្គដ៏ស្រស់ស្អាត ដែលមានចម្ងាយជិត២គីឡូម៉ែត្រ តាមដងផ្លូវជាតិលេខ៩ ស្រុថាឡាបរិវ៉ាត់ ឆ្ពោះភូមិសាស្ត្រឃុំឆ្វាង រួចក្រឡេកមើលស្តាំដៃនៃដងផ្លូវនោះ នឹងបានឃើញភ្នំមួយខ្សែ ដែលមានភាពទាក់ទាញ ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលគេបន្តដំណើរបត់ចូលសំដៅដល់ជើងភ្នំនោះ គឺវាពិតជាអស្ចារ្យ ដែលនឹកស្មានមិនដល់ ជាពិសេសពេលឡើងទៅដល់កំពូលភ្នំតែម្តង។
ភ្នំឈ្ងោក គឺជាភ្នំមួយក្នុងចំណោមភ្នំមួយចំនួនទៀត ដូចជា ៖ ភ្នំដំរីគល់គ្នា ស្ថិតក្រោមការការពាររបស់សហគមន៍ដែលមានផ្ទៃដីសរុប ៤១៥៣ ហិកតា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ បានបង្កើតជាតំបន់អេកូទេសចរណ៍ ហៅថា «ភ្នំជម្រកសត្វ» ដែលបានអនុវត្តដោយអង្គការសេប៉ា ក្រោមការឧបត្ថម្ភថវិការពីអង្គការសហប្រជាជាតិ UNDP និងថវិកាបដិភាគរបស់រាជរដ្ឋាបាល តាមរយៈមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរកសិកម្មខេត្ត រហូតដល់ឆ្នាំ២០២០ បន្ទាប់ឆ្នាំ២០២០ រហូតទល់បច្ចុប្បន្ន ក៏មានអង្គការមួយចំនួនទៀតបានចូលរួម មានដូចជា (NTFP-EP Cambodia) និងអង្គការ RECOFTC ជាដើម។
រៀបរាប់អំពីសក្តានុពលតំបន់អេកូទេសចរណ៍ ភ្នំជម្រកសត្វ ក្នុងតបន់ទេសចរណ៍នោះ អ្នកទេសចរមកកំសាន្តទីនោះ រួមមាន ៖
១- ទស្សនាតំបន់សក្តានុពលភ្នំធំ ឬភ្នំដំរីជល់គ្នា នេះ មានរូបរាងដូចជា ដំរីមួយហ្វូងកំពុងបណ្តើរគ្នា ជល់គ្នាបណ្តើរ នៅភ្នំធំសំបូរទៅដោយល្អាងជាច្រើន មានដូចជា ល្អាងក្បាលដំរី និងមានល្អាងជាច្រើនទៀត ។
២- តំបន់ភ្នំឈ្ងោក អ្នកទេសចរអាចទស្សនា ល្អាងប្រចៀវ ដែលមានសត្វប្រចៀវរាប់លានក្បាល និងទេសភាពមាត់ល្អាងដ៏ប្រណីត ជាមួយនេះក៏មានល្អាងលោកសិង ល្អាងអូន បង ជ្រលងភ្ជាប់និស្ស័យ សមុទ្រឈើ ។
៣- អ្នកទេសចរបន្តទស្សនាតំបន់ដាំស្តារព្រៃឈើឡើងវិញ ហើយភ្ញៀវដែលមកកំសាន្តគ្រប់រូបអាចចូលរួមដាំស្តារព្រៃឈើឡើងវិញ ដើម្បីបន្សល់ទុកជាអនុស្សាវរីយ៍របស់ខ្លួនបានផងដែរ ។
៤- អាចទស្សនាចំការឬស្សីផ្អែម
៥- ដើរកំសាន្តមើលព្រៃសហគមន៍
៦- កម្មវិធីបោះតង់ក្នុងព្រៃសហគមន៍ ទៀតផង។
ទាក់ទិនទៅនឹងភ្នំធំ ឬភ្នំអូន បង ប្រធានសហគមន៍បានរៀរាបថា ភ្នំនោះមានតំណក់ទឹកជ្រាបជាប់នឹងថ្មកំបោរនៅក្នុងល្អាង យូៗទៅបានបង្កើតជារូបរៀងដូចមនុស្ស-ស្រី ដោយនៅល្អាងបង រូបនោះមានលក្ខណៈដូចរូបត្រឹមចង្កេះមនុស្សប្រុសអង្គុយសំយុងជើង ក៏មានបាតុភូតកំណកដូចគ្នា ហើយបង្កើតបានជារូបក្បាលដំរីតូចល្មម។ ចំណែកនៅល្អាងអូន មានរូបអវៈយវៈភេទស្រី ហើយសីតុណ្ហភាពត្រជាក់ហើយសើម ដោយហេតុទឹកជ្រាបច្រើនជាងល្អាងបង។
លោកប្រធានសហគមន៍ប្តថា ដោយសាររូបរាង និងលក្ខណៈពិសេសទាំងនេះហើយ ទើបអ្នកស្រុកសន្មត ហៅឈ្មោះថា ល្អាង អូន បង។ បច្ចុប្បន្ន ភ្នំនេះត្រូវបានក្រុមហ៊ុនមួយប្រើប្រាស់គ្រឿងចក្រគាស់កាយ វា.យបំបែក បំផ្ទុះយកថ្ម កែច្នៃជាថ្មម៉ាត ធ្វើអោយខួចទម្រងដើមរបស់ភ្នំ តែរហូតទល់បច្ចុប្បន្ននេះ ក្រុមនោះបានផ្អាកដំណើរការជាបណ្តោះអាសន្ន។ ចំណែកផ្លូវទៅកាន់តំបន់អេកូទេសចរណ៍នោះ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឱ្យហូរទឹកដាច់ផ្លូវជាទម្ងន់ ហើយខាងអង្គការ សេប៉ា បានកំពុងជួលជុលដាក់ស្ពានអោយដំណើរការឆ្លងកាត់បានប្រសើរឡើងវិញហើយ៕