នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន ក្រុមប្រឹក្សាខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ។
កិច្ចប្រជុំមានរបៀបវារៈចំនួន៥ដូចជា៖ ទី១. ពិនិត្យ និងអនុម័តពាក្យសុំច្បាប់អវត្តមានពីកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត, ទី២. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត, ទី៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត, ទី៤. ពិនិត្យ និងអនុម័តដីកា ស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ ឆ្មាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សា និងទី៥. បញ្ហាផ្សេងៗ។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ក៏បានលើកបញ្ហានិងសំណូមពរមួយចំនួនដូចជា៖ សំណូមពរឲ្យមន្ទីរអភិវឌ្ឍន៍ជនបទត្រូវធ្វើសំណើរគំរូលិខិតស្នើរសុំលូច្បាស់លាស់ដើម្បីស្នើសុំលូជូនដល់ប្រជាពលរដ្ឋអោយបានលឿន, បញ្ហាលូមានខ្លិនស្អុយនៅផ្លូវប៉ាងរលឹម, បញ្ហាភ្លើងអគ្គិសនីពីព្រំមកបរយ៉ាខាពេលចុងខែដាច់ភ្លើងញឹក និងឡើងគីឡូភ្លើង, បញ្ហាទំនាស់ដីធ្លីនៅព្រំ, បញ្ហាទំនាស់ដីនៅជិតផ្សារសាមគ្គីមានប្លង់រឹងទាំងពីរ, បញ្ហាភាពមិនប្រក្រតីនៃប្រជាការពារភូមិនៅអូរសួស្តី,បញ្ហាល្បែងស៊ីសងនៅភូមិប៉ាងរលឹម។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ទទួលយកនូវមតិយោបល់របស់សមាជិកក្រុមប្រឹក្សាខេត្តដែលបានលើកឡើងក្នុងការជួយត្រូតពិនិត្យកែលម្អដើម្បីរួមគ្នាបំរើផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ខេត្តអោយមានការរីកចម្រើនបន្ថែមទទៀត។ ហើយបញ្ហាដាច់ភ្លើងញឹក និងឡើងគីឡូភ្លើង សូមអោយមន្ទីររ៉ែនិងថាមពលខេត្តចុះទៅត្រួតពិនិត្យ និងពន្យល់បញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋអោយគាត់បានដឹងពីមូលហេតុទាំងនោះ ហើយដោយឡែកនូវអគ្គិសនីនៅកន្លែងផ្សេងៗទៀត សូមប្រធានមន្ទីររ៉ែនិងថាពលធ្វើបានលឿននៅតាមភូមិដែលមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់។ បញ្ហាទំនាស់ដីធ្លី សូមអោយអាជ្ញាធរក្រុងស្រុក និងមន្ទីរជំនាញព្រមទាំងមេឃុំចៅសង្កាត់រួមគ្នាដោះស្រាយតាមសន្តិវិធីនៃច្បាប់និងមានភាពទទួលខុសត្រូវខ្ពស់ និងបានទាន់ពេលវេលាប្រកបដោយរលូន។ លោកជំទាវបន្តថា៖ បញ្ហាភាពមិនប្រក្រតីនៃប្រជាការពារភូមិ សូមអោយគណៈបញ្ជាការឯកភាពក្រុងត្រូវសហការជាមួយអាជ្ញាធរភូមិពិនិត្យលើសមាភាពប្រជាការពារនោះដើម្បីរកដំណោះស្រាយ និងពន្យល់អោយគាត់បានយល់និងព្រមទទួលយក។ ចំពោះលូស្អុយនៅប៉ាងរលឹមសូមអោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនសហការគ្នាជាមួយក្រុង និងក្រុមការងារចុះទៅពិនិត្យមើល និងធ្វើការកាយចេញកាកសំណល់ស្អុយទាំងនោះចេញ ហើយត្រូវអោយបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយយើងដើម្បីពន្យល់ណែនាំពួកគាត់កុំអោយចោលកាកសំណល់ក្នុងលូទៀត និងចូលរួមថែទាំងអស់គ្នា។ បញ្ហាល្បែងស៊ីសងសូមអោយរដ្ឋបាលក្រុងស្រុក និងស្នងការដ្ឋាននគរបាលខេត្តត្រូវបង្កើនការចុះអនុវត្តបង្រាបនិងកំណត់មុខសញ្ញាទីតាំងអោយបានច្បាស់លាស់ព្រោះកន្លងមកឃើញមានបងប្អូនប្រជាពលយើងមួយចំនួននៅតែលេងល្បែងស៊ីសងដោយមិនខ្លាចច្បាប់ទាល់តែសោះ។ លោកជំទាវបានសំណូមពរដល់រដ្ឋបាលក្រុង និងកងកម្លាំងទាំងបីប្រភេទត្រូវចុះល្បាតពេលយប់តាមគោលដៅស្ពាននិងកន្លែងផ្សេងៗទៀតដែលបានដាក់ភ្លើងសូរឡាបំភ្លឺជៀងវាងក្មេងទំនើងកប់ឬលួច។ ហើយរដ្ឋបាលស្រុកត្រូវដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវនៅន្លែងដែលមានសភាពងងឹតខ្លាំង និងកែលម្អទង់ជាតិនៅតាមទ្រូងផ្លូវនៅផ្សាព្រំ។ លោកជំទាវបានកោតសសើរនិងថ្លែងអំណរគុណដល់ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំក្រុងស្រុក មន្ទីរអង្គភាព ព្រមទាំងកងកម្លាំងទាំងបីប្រភេទដែលបានខិត្តប្រឹងប្រែងរួមគ្នាដើម្បីបន្តដំណើរទៅមុខទៀតសម្រាប់ខេត្តប៉ៃលិន ជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ៥ ឆ្នាំ២០២២។
ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្ត តួនាទីភារៈកិច្ចរបស់ខ្លួនទទួលបានសមិទ្ធផលជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកែទម្រងនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការកែទម្រងវិមជ្ឈការ និងវិសហមជ្ឈការ ធ្វើអោយខេត្តប៉ៃលិនបានអភិវឌ្ឍន៍រីកចម្រើនគួរអោយកត់សម្គាល់។ ឯកឧត្តមបន្តថា៖ ជាមួយគ្នានេះសូមស្នើរអោយមន្ទីរអង្គភាពពាក់ព័ន្ធព្រមទាំងរដ្ឋបាលក្រុងស្រុកឃុំសង្កាត់បន្តចុះជួយដោះស្រាយបញ្ហាប្រឈមនានរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ និងសូមធ្វើកោតសសើរដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ឋានានុក្រមដែលបានចាត់ចែងរៀបចំផែនការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ៥ ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕