មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC)បាននិយាយកាលពីថ្ងៃសុក្រទី៣មិថុនាថា ខ្លួនបានដឹងអំពីករណីជំងឺអុតស្វាជាង ៧០០នៅទូទាំងពិភពលោក រួមទាំង ២១ ករណីនៅសហរដ្ឋអាម៉េរិក ខណៈការស៊ើបអង្កេតឥឡូវបានបង្ហាញថាវាកំពុងរីករាលដាលនៅក្នុងប្រទេស។
ករណីចំនួន ១៦ ក្នុងចំណោម ១៧ ករណីដំបូងគឺស្ថិតក្នុងចំណោមមនុស្សដែលកំណត់អត្តសញ្ញាណជាបុរសរួមភេទជាមួយបុរស នេះបើយោងតាមរបាយការណ៍ថ្មីរបស់ CDC ហើយ ១៤ករណីត្រូវបានគិតថាជាប់ទាក់ទងនឹងការធ្វើដំណើរ។
អ្នកជំងឺទាំងអស់កំពុងសម្រាកព្យាបាលឬបានជាសះស្បើយរួចហើយ ហើយមិនមានករណីស្លាប់នោះទេ។
លោកស្រី ជេននីហ្វើ ម៉ាកឃ្វីនស្តុន (Jennifer McQuiston)អនុប្រធានផ្នែកមេរោគឆ្លងនិងរោគវិទ្យានៃ CDC បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា”ក៏មានករណីមួយចំនួននៅក្នុងសហរដ្ឋអាម៉េរិកផងដែរ ដែលយើងដឹងថាមានទំនាក់ទំនងជាមួយករណីដែលបានដឹងរួចហើយ”។
“យើងក៏មានករណីយ៉ាងហោចណាស់មួយនៅក្នុងសហរដ្ឋអាម៉េរិកផងដែរ ដែលមិនមានទំនាក់ទំនងនឹងការធ្វើដំណើរ ឬបានដឹងពីរបៀបដែលពួកគេបានឆ្លងមេរោគរបស់ពួកគេ”។
ជំងឺអុតស្វាគឺជាជំងឺកម្រ ដែលមានទំនាក់ទំនងជាមួយជំងឺអុតស្វាយប៉ុន្តែមិនសូវធ្ងន់ធ្ងរដូចអុតស្វាយទេ ដោយបង្កឱ្យមានកន្ទួលរាលដាលពេញខ្លួន ក្តៅខ្លួន គ្រុនញាក់ និងឈឺសាច់ក្នុងចំណោមរោគសញ្ញាដទៃទៀត៕