រាជធានីភ្នំពេញ ៖ បើគេក្រឡេកមើលនៅក្នុងបញ្ជីក្រុមជម្រើសជាតិឈុតធំ ឃើញមានសមាជិកក្រុមជម្រើសជាតិកម្ពុជា និងជាខ្សែបម្រើប្រយុទ្ធក្លិបបាល់ទាត់ភ្នំពេញក្រោន លឹម ពិសុទ្ធ ត្រូវបានជ្រើសរើសរួចហើយសម្រាប់ហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពជាមួយទីម័រខាងកើត និងពានរង្វាន់AFC Asian Cupនៅប្រទេសឥណ្ឌា ។ ប៉ុន្តែទីបំផុតកីឡាកររូបនេះបែរជាត្រូវខកខានចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិទៅវិញដោយសារតែបញ្ហារបួសជើងខាងឆ្វេង។
បញ្ហារបួសនេះធ្វើឱ្យកីឡាករលឹម ពិសុទ្ធ វ័យ២០ឆ្នាំត្រូវបាត់បង់ឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សំខាន់ចំនួន២គឺការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិទីម័រខាងកើតដែលត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃទី២ ខែមិថុនា និងការប្រកួតពានរង្វាន់AFC Asian Cup នៅប្រទេសឥណ្ឌា នាខែក្រោយនេះ។
ការខកខាននេះធ្វើឱ្យរូបគេមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានជួយក្រុមជម្រើសជាតិកម្ពុជាជាលើកទី២ដោយសារតែរបួសហើមជើងខាងឆ្វេងនៅពេលប្រកួតតទល់ជាមួយក្រុមណាហ្គាវើលដ៏វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់លីគខាប់កម្ពុជាកាលពីសប្ដាហ៍មុន ។ ក្រោយពីពិនិត្យតាមដានរួច គ្រូពេទ្យប្រាប់ថា របួសរបស់គេហើមសរសៃពួរកជើងខាងឆ្វេងតម្រូវឱ្យឈប់សម្រាកប្រហែលជា៦សប្ដាហ៍។
គេនៅចាំបានថា កីឡាករ លឹម ពិសុទ្ធ ខកខានមិនបានបង្ហាញខ្លួននៅលើទីលានបាល់ទាត់ថ្មី(ពហុកីឡដ្ឋានជាតិមរតកតេជោ)ចំនួន២លើក។
លើកទី១គឺនៅក្នុងឱកាសបើកសម្ពោធពហុកីឡដ្ឋាននេះកាលពីចុងឆ្នាំ២០២១ និងលើកទី២អំឡុងពេលប្រមូលផ្ដុំក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំហ្វឹកហាត់ប្រកួតAFF-U23 Championship ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយសារតែគេរបួសជង្គង់ តែក្រោយពីជាសះស្បើយគេក៏បានទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
ទន្ទឹមគ្នានេះដែរ លឹម ពិសុទ្ធ បានតាំងចិត្តរួចហើយថា ត្រូវតែចូលប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិមរតកតេជោឱ្យបាន ដោយគេនឹងថែរក្សាខ្លួនឱ្យបានល្អសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ៕