កោះកុង៖ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តកោះកុង ជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានខ្សែរឆ្នេរសមុទ្រវែងអន្លាយ មានកោះ ព្រៃភ្នំធម្មជាតិជាច្រើន កំពុងរង់ចាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត សម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ក៏ដូចជាក្នុងឱកាសជួបជុំដំណើរកម្សាន្តតាមបែបលក្ខណៈគ្រួសារ។
ទន្ទឹមនោះ កោះទទឹង ជាដែនកោះមួយ ក្នុងទឹកដីខេត្តកោះកុង ដែលមានទេសភាពស្រស់ស្អាត ខណៈពុំមានភ្ញៀវទេសចរច្រើនប៉ុន្មានឡើយ ដែលបានទៅដល់ និង បានស្គាល់ដែនកោះតូចមួយនេះ។
ស្ថិតនៅក្នុងទឹកដី ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង នៅជិត កោះឆាន់ និង កោះស្ដេច កោះទទឹង មានសម្រស់ស្រស់ស្អាត មិនចាញ់កោះដទៃទៀតឡើយ ដោយមានទំហំ តែ ០,៨ គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ។
នោទីនោះ មានទឹកសមុទ្រថ្លាខៀវខ្ចី មើលឆ្លុះអស់វ៉ូងមច្ឆាជាមួយថ្ម និង ផ្កាថ្មជាច្រើន ដែលហាក់រៀបរាប់ពីសម្រស់សម្បត្តិធម្មជាតិដ៏ស្រស់ផូផង់ របស់ប្រទេសកម្ពុជា ដែលមិនចាញ់បរទេសឡើយ ។
ទាំងនេះ ជាលក្ខណៈពិសេស សម្រាប់អ្នកចូលចិត្តការដើរលេង និង ទស្សនាកម្សាន្តជាមួយទេសភាពស្អាតៗ បែបធម្មជាតិ និង មានភាពស្ងប់ស្ងាត់ សម្រាប់សម្រាក លម្ហែកាយពីភាពស្មុគស្មាញក្នុងការងារ ពិតជាមិនខុសបំណងឡើយ៕