ប៉ៃលិន៖ ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅសង្កាត់បរយ៉ាខា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលជាថ្ងៃទី១១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត មានភ្លើងអគ្គីសនីប្រើប្រាស់ លែងប្រើភ្លើងទៀន ឬចង្កៀងប្រេងកាត់ទៀតហើយ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេចតេជោ តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ពិសេសជាង ២ឆ្នាំមកហើយ ក្នុងស្ថានភាពដ៏សែនលំបាកប្រកបដោយគ្រោះថ្នាក់នៃការរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះសង្រ្គោះ ឆក់យកបានជិវិតប្រជាពលរដ្ឋចេញពីក្រញាំមច្ចុរាជមកវិញ តាមការចាក់វ៉ាក់សាំងស្រោចបង្កើតភាពស៊ាំ និងបើកប្រទេសឱ្យដំណើរការឡើងវិញតាមប្រក្រតីភាពថ្មី បន្តការអភិវឌ្ឍទៅមុខ។
ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍លើកឡើងថា៖ បោះឆ្នោតជូនគណបក្សប្រជាជន គឺបន្តសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កែប្រែស្ថានភាពកម្ពុជា ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក មកជាប្រទេសមានចំណូលមធ្យម កម្រិតទាប ទាំងនេះគឺជាសមិទ្ធផល ដែលបានមកពីការអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយលើមូលដ្ឋាននៃការពង្រឹងអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក ហើយដើម្បីឈានឆ្ពោះសម្រេចបាននូវការប្តេជ្ញាចិត្តខាងនយោបាយក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ របៀបវារៈគោលនយោបាយ ជាអាទិភាពមួយរបស់គណបក្សប្រជាជនកម្ពុជា គឺការបន្តជំរុញដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ រួមមាន៖ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន, ការកែទម្រង់ការគ្រប់គ្រងដីធ្លី លំនៅឋាន សំណង់ និងការគ្រប់គ្រងទីក្រុង ទីប្រជុំជន ព្រមទាំងវិស័យដទៃៗទៀតឲ្យមានភាពប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ ក្នុងគោលបំនងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងដើម្បីធានាឲ្យប្រជាជនកម្ពុជាគ្រប់ៗរូប ទទួលបានអត្ថប្រយោជន៍ ប្រកបដោយសមធម៌ពីការអភិវឌ្ឍលើគ្រប់វិស័យក្នុងសង្គម៕
ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍អំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជា ពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា ព្រោះពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវ មានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋ ផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង ៣០ឆ្នាំកន្លងមក ពីព្រោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍបន្តទៀត។
នៅក្នុងឱកាសនោះផងដែរ ក្រុមការងារក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យ ជំនះរាល់ការបោះឆ្នោត គ្រប់ៗអណត្តិ៕