ព្រះវិហារ ៖ ស្ថិតនៅចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តព្រះវិហារ មិនត្រឹមតែជាតំបន់ទេសចរណ៍ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណនោះទេ តែជាខេត្តដ៏មនោរម្យមួយ ដែលត្រូវបានគេស្គាល់ថាជាភូមិសាស្ត្រដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិព្រៃភ្នំជាច្រើនផងដែរ តែងតែទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តឥតដាច់ ជាពិសេសក្នុងរដូវវស្សាដ៏ស្រស់បំព្រង។
ជាងនេះទៅទៀត ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម ក៏បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ នូវតំបន់លម្ហែបែបសហគមន៍ផ្សងព្រេងមួយកន្លែង ដែលមានទីតាំងក្នុងខេត្តព្រះវិហារ និង កម្រមានអ្នកស្គាល់ ហើយបានទៅដល់ទីនោះណាស់ ដែលនៅទីនោះត្រូវបានគេឱ្យឈ្មោះថា «សហគមន៍តំបន់ការពារធម្មជាតិ ដាតាវឹក Dataveuk Community for Protected Area»។
ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ សហគមន៍តំបន់ការពារធម្មជាតិដាតាវឹក ពិតជាធនធានដែលលាក់ខ្លួន នៅផ្នែកមួយនៃភ្នំត្បែង និង ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលប្រមូលផ្ដុំទៅដោយទីស្ថានមានទេសភាពស្រស់ស្អាតខ្លាំង ដែលមានដូចជា ពើងតាទួន ពើងកង្កែប ពើងទឹកស្រក់ ផ្កាព្រៃ ផ្លែឈើព្រៃ ទឹកធ្លាក់ដាតាវឹក និង កន្លែងស្អាតៗជាច្រើនទៀត ។
គួរឱ្យដឹងផងដែរថា សហគមន៍មួយនេះ បានបង្កើតឡើងជាង ២ ឆ្នាំហើយ តែមិនទាន់ទទួលភ្ញៀវទេសចរនៅឡើយទេ ខណៈទីនោះមានព្រៃឈើធំ សត្វព្រៃ និង ទេសភាពស្អាតតាមដងផ្លូវ ធានាថាបានទៅ ហើយមិនខកបំណកឡើយ៕