រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ដែលធ្វើនៅប្រទេសឥណ្ឌូណេស៊ីនោះគឺចាប់ផ្ដើមពីថ្ងៃទី២៣ និងបញ្ចប់នៅថ្ងៃទី៣០កក្កដា ដែលនៅថ្ងៃបញ្ចប់នោះកម្ពុជានឹងទទួលទង់អាស៊ានប៉ារ៉ាហ្គេមដើម្បីធ្វើជាម្ចាស់ផ្ទះបន្តនៅឆ្នាំ២០២៣ ។ ដូច្នេះគឺនៅថ្ងៃទី៣០ កក្កដានេះហើយដែលកម្ពុជានឹងទទួលទង់ក្លាយជាប្រធានក្រុមប្រឹក្សាអាស៊ានប៉ារ៉ាហ្គេមអាស៊ីអាគ្នេយ៍ ។ នេះជាប្រវត្តិសាស្ត្រមួយទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមកម្ពុជា បាននិយាយថា ការលុបចោលព្រឹតិ្តការណ៍កីឡាប្រចាំតំបន់នេះកន្លងមកគឺជាក្ដីបារម្ភមួយរួមទាំងគណៈកម្មការបច្ចកទេសមិនបានដុសខាត់នូវសមត្ថភាពជំនាញរបស់ខ្លួនហើយវាក៏ជះឥទ្ធិពលមិនល្អដល់គុណភាពច្ចេកទេសរបស់អត្តពលិកក្នុងតំបន់ផងដែរ ។ ការប្រកួតកីឡាជនពិការអាស៊ានដែលវិះនឹងលុបចោលជាលើកទី២នេះ ត្រូវបានប្រទេសឥណ្ឌូណេស៊ីទទួលធ្វើជាម្ចាស់ផ្ទះជំនួសវៀតណាម។ ហេតុនេះ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ខាងមុខនេះ កម្ពុជាមានឱកាសចូលរួមប្រកួតប្រជែងក្នុងការកសាងសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ឲ្យបានកាន់តែប្រសើរថែមទៀត ។
ឯកឧត្តម យី វាសនា អះអាងថា បច្ចុប្បន្នកីឡាករកីឡាការិនីពិការកម្ពុជាកំពុងហ្វឹកហាត់ បានច្រើនប្រភេទកីឡាដែរ ក្រោមការទំនុកបម្រុងពីក្រសួងអប់រំ យុវជន និងកីឡា ហើយប្រសិនបើនៅក្នុងឆ្នាំ២០២២នេះមានការប្រកួតអន្តរជាតិកាន់តែច្រើននោះ ការត្រៀមខ្លួនរបស់ប្រភេទកីឡាពិការ សម្រាប់ការធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក៏មានឱកាសកាន់តែច្រើន ក្នុងការប្រជែងមេដាយ ព្រមទាំងផ្តល់បទពិសោធន៍កាន់តែច្រើនសម្រាប់មន្ត្រីរដ្ឋបាលមន្ត្រីបច្ចេកទេសពិការទៀតផង ។ វាពិតជាសំខាន់ណាស់ដែលកម្ពុជាគាំទ្រពេញទំហឹងឱ្យមានការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីនេះ ដើម្បីគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ២សប្តាហ៍។
គួរឱ្យដឹងផងដែរថា តាមពិតការរៀបចំធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះត្រូវដល់វេនម្ចាស់ផ្ទះ វៀតណាម ដែលរៀបចំបន្ត បន្ទាប់ពីបញ្ចប់ស៊ីហ្គេម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យវៀតណាមទទួលរៀបចំធ្វើតែស៊ីហ្គេមប៉ុណ្ណោះ។ ដោយសារតែស្ថានភាពការខកខាននៃការប្រកួតកីឡាជនពិការនេះត្រូវបានលុបចោលពីរលើក កាលពីឆ្នាំ២០១៩ ដោយម្ចាស់ផ្ទះហ្វីលីពីន និងខកខានម្តងទៀត នៅប្រទេសវៀតណាមនេះ ទើបធ្វើឲ្យសហព័ន្ធកីឡាជនពិការអាស៊ានបង្ហាញកង្វល់ជាខ្លាំង ដោយការលុបចោលនេះធ្វើឲ្យបាត់បង់គុណភាពសមត្ថភាពរបស់ក្រុមអត្តពលិកអាស៊ាន ៕