ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងការបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដើម្បីអោយបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាអោយបានល្អ ដោយត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ៕
លោកជំទាវប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព «៣ការពារ ៣កុំ» និងបន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ៕