ប៉ៃលិន៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោត ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិស្រះ២ តាឈាន, ភូមិវាល, ភូមិទួល ឃុំអូរអណ្តូង និងភូមិអូរបេង, ភូមិដូង, ភូមិស្លា, ភូមិបុស្អំ, ភូមិក្ងោក, ភូមិតាង៉ែនក្រោម, ភូមិស្រង់មានជ័យ, ភូមិអណ្តូង៤ ឃុំស្ទឹងកាច់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេចតេជោ តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ពិសេសជាង ២ឆ្នាំមកហើយ ក្នុងស្ថានភាពដ៏សែនលំបាកប្រកបដោយគ្រោះថ្នាក់នៃការរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះសង្រ្គោះ ឆក់យកបានជិវិតប្រជាពលរដ្ឋចេញពីក្រញាំមច្ចុរាជមកវិញ តាមការចាក់វ៉ាក់សាំងស្រោចបង្កើតភាពស៊ាំ និងបើកប្រទេសឱ្យដំណើរការឡើងវិញតាមប្រក្រតីភាពថ្មី បន្តការអភិវឌ្ឍទៅមុខ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងថា៖ «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលមានឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្តប៉ៃលិនរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវនាំគ្នាថែរក្សាឲ្យបានគង់វង្សដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក៍ដូចជាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត»។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥នេះ មានគណបក្សមួយចំនួនមិនបានធ្វើសកម្មភាពឃោសនាធំដុំនោះទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំជឿឲ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៍ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង ដោយឡែកគណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋទេ មិនសន្យាចោល តែសមិទ្ធផលកើតឡើងព្រោងព្រាតតាមភូមិ ឃុំ ស្រុក ខេត្តទូទាំងប្រទេស ដូចនេះបងប្អូនត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីភូមិឃុំយើងកាន់តែរីកចម្រើនថែមទៀត។
នៅក្នុងឱកាសនោះផងដែរ ក្រុមការងារក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោត គ្រប់ៗអណត្តិ ៕