អារ៉ាប់រួមអេមីរ៉ាតបានក្លាយជារដ្ឋឈូងសមុទ្រពែក្សដំបូងគេដែលកត់ត្រាករណីជំងឺអុតស្វា។
សាធារណរដ្ឋឆែកនិងស្លូវេនីក៏បានរាយការណ៍ករណីដំបូងរបស់ពួកគេកាលពីថ្ងៃអង្គារទី២៤ឧសភាផងដែរ ដោយចូលរួមជាមួយប្រទេសចំនួន ១៨ផ្សេងទៀតដែលរកឃើញមេរោគនេះនៅខាងក្រៅមូលដ្ឋានទូទៅរបស់វានៅទ្វីបអាហ្វ្រិក។
ចំនួននោះត្រូវគេរំពឹងកើនឡើងបន្ថែមទៀត ប៉ុន្តែក្រុមអ្នកជំនាញនិយាយថាហានិភ័យជារួមចំពោះប្រជាជនទូទៅនៅមានកម្រិតទាប។
ការផ្ទុះឡើងនៃមេរោគនេះត្រូវបានរកឃើញនៅអឺរ៉ុប អូស្ត្រាលី និងអាម៉េរិក។រោគសញ្ញាជារឿយៗរួមមានគ្រុនក្តៅនិងកន្ទួល ប៉ុន្តែជាធម្មតាការឆ្លងមានកម្រិតស្រាល។
នៅអារ៉ាប់រួមអេមីរ៉ាត មន្ត្រីសុខាភិបាលបានប្រកាសថា ករណីមួយត្រូវបានរកឃើញចំពោះអ្នកដំណើរម្នាក់ ដែលទើបតែបានទៅលេងអាហ្វ្រិកខាងលិច ហើយឥឡូវនេះកំពុងទទួលការព្យាបាល។
អាជ្ញាធរនៅទីនោះនិយាយថា ពួកគេ “បានត្រៀមខ្លួនយ៉ាងពេញលេញ” ដើម្បីដោះស្រាយការផ្ទុះឡើងណាមួយ ដោយបន្ថែមថាពិធីការឃ្លាំមើលដំបូងសម្រាប់ការរកឃើញជំងឺនេះគឺមាននៅនឹងកន្លែងអស់ហើយ។
អង្គការសុខភាពពិភពលោក (WHO)និយាយថា មេរោគនេះអាចទប់ទល់បានជាមួយនឹងការឆ្លើយតបត្រឹមត្រូវនៅក្នុងបណ្តាប្រទេសនៅក្រៅទ្វីបអាហ្វ្រិក ដែលជាធម្មតាមេរោគនេះមិនត្រូវបានរកឃើញ។
លោកស្រី ស៊ីលវី ប្រាយអែន (Sylvie Briand) នាយកផ្នែកត្រៀមលក្ខណៈសម្រាប់គ្រោះថ្នាក់មេរោគឆ្លងជាសកលរបស់ WHO បាននិយាយនៅក្នុងសន្និសីទមួយកាលពីថ្ងៃអង្គារថា”យើងលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យបង្កើនការឃ្លាំមើលជំងឺអុតស្វាដើម្បីមើលថាតើកម្រិតនៃការឆ្លងទៅដល់ណានិងស្វែងយល់ពីកន្លែងដែលវាកំពុងរីករាលដាល”។
លោកស្រីបានបន្ថែមថា ការផ្ទុះមេរោគនេះប្រហែលមិនធម្មតាក៏ពិតមែន ប៉ុន្តែនៅតែអាចទប់ទល់បាន៕